(កណ្ដាល)៖ គណៈកម្មការចម្រុះ រួមមាន មន្ត្រីគយ មន្ត្រីកាំកុងត្រូល មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ត្រីពាក់ព័ន្ធ នៅព្រំដែនបានចុះត្រួតពិនិត្យបន្លែនាំចូល ដែលកន្លងមកបានរកឃើញបន្លែចំនួន៦មុខ មានផ្ទុកសារធាតុគីមី។

ចំណាត់ការខាងលើបានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល ដោយមានការចង្អុលបង្ហាញពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំកម្លាំងមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យគយ និងរដ្ឋាករជ្រៃធំ សហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្ដាល។

ក្នុងនោះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ បន្លែនាំចូលពីប្រទេសវៀតណាម តាមមាត់ច្រកការិយាល័យគយ និងរដ្ឋាករជ្រៃធំ ពិសេសបន្លែ៦មុខ ដែលកន្លងមកបានរកឃើញមាន ផ្ទុកសំណល់ថ្នាំកសិកម្ម គ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ហើយត្រូវបានផ្អាកនាំចូលបណ្តោះអាសន្ន។

លទ្ធផលនៃការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្នែកម្ហូបអាហារ នៃ ក.ប.ប ដែលបានយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារមកធ្វើការតេស្តនៅនឹងកន្លែង បង្ហាញថា បន្លែចំនួន២០មុខ រួមមាន៖ ពោតបារាំង, ក្រូចឆ្មារសម្រាប់ធ្វើតែជ្រក់, ត្រប់ស្រួយ, ប៉េងប៉ោះ, ត្រសក់, ម្ទេសហាវ៉ៃ, ស្ពៃក្តោប, មើមដំឡូងជ្វា, ស្ពៃបូកគោ, ផ្លែល្ពៅ, ផ្លែស៊ូ, ផ្កាស្នោរ, ក្រូចឆ្មារ, ឆៃថាវ, ផ្លែពពាយ, ត្រប់វែង, ផ្កាគូឆាយ, ផ្កាខាត់ណា, មើមត្រាវ និងផ្លែម្ទេស គឺមានសុវត្ថិភាពសម្រាប់ប្រើប្រាស់។

ក្នុងនេះរួមមានបន្លែចំនួន៦មុខ ដែលបានផ្អាកនាំចូលបណ្តោះអាសន្នកន្លងមកផងដែរ រួមមាន៖ ពោតបារាំង, ក្រូចឆ្មារសម្រាប់ធ្វើតែជ្រក់, ស្ពៃបូកគោ, ផ្លែល្ពៅ, ផ្កាគូឆាយ និងផ្កាខាត់ណា។

ក្រោយពីមន្ត្រីនៃមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ នៃ ក.ប.ប បានដកសំណាកធ្វើតេស្តអស់រយៈពេលប្រមាណ៣ម៉ោងមក និងបង្ហាញលទ្ធផលថា មានសុវត្ថិភាពសម្រាប់ប្រើប្រាស់ បន្លែទាំងនេះត្រូវបានអនុញ្ញាតឲ្យធ្វើការនាំចូលជាប្រក្រតី និងស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំ តាមនីតិវិធីជាធរមាន ក្នុងការនាំចូលលើកក្រោយៗទៀត៕