(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន (FTA) បានបញ្ចប់ការចរចាហើយត្រៀមនឹងចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ដែលផ្ដល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធប់ដល់ភាគីទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាបានសម្ដែងនូវការពេញចិត្ត និងគាំទ្រចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្ដែក្នុងនោះ ក៏មានមតិមួយចំនួនតូចលើកឡើងពីភាពអវិជ្ជមាន។
មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក ចាន់ សុភាព បានបង្ហាញពីការទទួលបានផលចំណេញយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយទទួលបានការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន ពោលមានន័យថា នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញប្រមាណ៩៨ភាគរយ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក ចាន់ សុភាព បានប្រាប់ទៅបុគ្គលមួយចំនួនតូចនោះថា សូមបញ្ឈប់ការគិតគំនិតអវិជ្ជមាន ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន (FTA) ដែលថាចិនចំណេញច្រើនជាងកម្ពុជា។
អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានអះអាងទៀតថា បើទោះបីគ្មាន FTA ក៏កម្ពុជានៅទិញទំនិញពីប្រទេសចិនដដែល ដោយហេតុថា ចិនជាប្រទេសមួយដែលផលិតទំនិញធំជាងគេ ពោលមិនមែនតែកម្ពុជាតែម្នាក់ឯងនោះទេ ដែលត្រូវការទិញទំនិញពីចិន ប្រទេសជាច្រើននៅលើពិភពលោក ក៏ទិញទំនិញពីចិនដូចគ្នាដែរ។
លោក ចាន់ សុភាព បានថ្លែងយ៉ាងដូច្នេះថា «ចំពោះអ្នកដែលមានគំនិតថា FTA នេះចិនមានប្រយោជន៍ជាងកម្ពុជា សូមបញ្ឈប់ការគិតអវិជ្ជមាននេះចេញ ទោះបីអត់មាន FTA ក៏យើងនៅតែត្រូវការនាំទំនិញមកពីប្រទេសចិនដដែល»។
មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ទៀតថា គោលបំណងធំបំផុតនៃ FTA គឺការសម្រុតពន្ធនាំចូល ដែលពន្ធនាំចូលនេះទៀតសោត គឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសនីមួយៗ ប៉ុន្ដែនៅពេល FTA នេះចូលជាធរមាន ភាគីទាំងពីរនឹងផ្ដល់ការអនុគ្រោះឲ្យគ្នាទៅវិញទៅមក។
លោក ចាន់ សុភាព បានបន្ថែមទៀតថា ក្រុមចរចាបង្កើតនូវកិច្ចព្រមព្រៀងនេះ បានខិតខំប្រឹងប្រែងសម្របសម្រួលនូវលក្ខខណ្ឌចាំបាច់មួយចំនួន ដែលទាមទារនៅពេលនាំទំនិញចេញ ប៉ុន្ដែបន្ទាប់ទៅទៀត សម្រាប់លក្ខខណ្ឌបំពេញគ្រប់គ្រាន់នោះ គឺស្ថិតនៅលើវិស័យឯកជន ផ្សំជាមួយការអន្ដរាគមន៍របស់រដ្ឋ ដើម្បីជំរុញការនាំចេញឲ្យបានកាន់តែច្រើន។
គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឲ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់៕