(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀនចំនួន ៧រូប បន្ទាប់ពីពួកគេបានប្រើហិង្សា និងយកលុយប្រមាណ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន។
មន្ត្រីនគរបាលដែលផ្អាកការងារបណ្តោះអាសន្ននេះរួមមាន៖ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, អុនសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងអនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។
យោងតាមព័ត៌មានបានគូសបញ្ជាក់ថា ចំណាត់ការនេះបានធ្វើបន្ទាប់ពីកាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០៖៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។
ព័ត៌មានបានបញ្ជាក់ថា ប្រតិបត្តិការនោះ សមត្ថកិច្ចបាន បានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ។ ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះ រួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វ៉ៃក្រៀកយកទៅការិយាល័យ ធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរ និងការដោះលែងវិញ។
បើតាមលោកអនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យគ្រឿងញៀនខេត្តព្រៃវែង ប្រាប់បណ្ដាញព័ត៌មានថា លុយ ៤លាននោះ បានប្រគល់ទៅឱ្យយលោកព្រះរាជអាជ្ញាខេត្តព្រៃវែងជាថ្នូរនឹងការដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញ។
ពាក់ព័ន្ធការលើកឡើងរបស់លោក ទូច ធារ៉ា អង្គភាព Fresh News មិនអាចទំនាក់ទំនងទៅលោកព្រះរាជអាជ្ញាខេត្តព្រៃវែងបានទេ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្រោយទទួលព័ត៌មាននេះនៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕