(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានថ្លែងដាស់តឿនដល់មេភូមិ មេឃុំ កុំចេះតែរពិសដៃ ចុះហត្ថលេខាលើការទិញលក់ដីខុសច្បាប់ឲ្យសោះ។
លោក សុខ លូ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្តីពីវិធានការគ្រប់គ្រង និងទប់ស្កាត់ការរំលោភ កាន់កាប់ដីរដ្ឋខុសច្បាប់ នៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ លោកអភិបាលខេត្ត បានបន្ថែមទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំព្យាយាមធ្វើរឿងអ្វី ដែលប្រាសចាកពីច្បាប់ ហើយកុំឲ្យប្រើអំពើហិង្សា ទៅលើសមត្ថកិច្ច និងប្រឆាំងទៅលើរាជការសាធារណៈ។
ជាមួយគ្នានេះលោក សុខ លូ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ នៅឃុំបឹងល្វាទាំងអស់ ខិតខំធ្វើយ៉ាងណានិយាយគ្នា ដោយសន្តិវិធីហើយកុំឲ្យស្ដាប់ការញុះញ៉ង់ អ្នកនៅពីក្រោយខ្នង ដោយបញ្ឈប់ជាបន្ទាន់ ។
លោកក៏ស្នើប្រជាពលរដ្ឋ ឲ្យរក្សាស្ថានភាពនៅដដែល ដើម្បីឲ្យក្រុមការងារ ចុះទៅដោះស្រាយ និងចូលរួមសហការ ជាមួយក្រុមការងារដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសជាតិ ។
លោកថា ប្រសិនបើមានសមត្ថកិច្ច ឬបក្សពួកណាម្នាក់ ដែលមានដីនៅក្នុងតំបន់ជម្លោះ សូមរាយការណ៍មកឲ្យលោកផ្ទាល់ ដើម្បីលោកចាត់ឲ្យក្រុមការងារ ចុះសិក្សា ស្រាវជ្រាវ ហើយក្នុងនោះ លោកបានចាត់អភិបាលរងមួយរូប និងក្រុមការងារ ចុះធ្វើបច្ចុប្បន្នភាពដី នៅតំបន់ដែលមានជម្លោះសារឡើងវិញ ឲ្យបានច្បាស់លាស់ ដោយសុក្រិត ដើម្បីស្នើទៅរដ្ឋាភិបាល ពិនិត្យនិងសម្រេច។
លោកបានបន្តទៀតថា ចំពោះឈ្មួញដែលប្រព្រឹត្តខុស អំពីច្បាប់លោកមិនលើកលែងនោះទេ រីឯការទទួលស្គាល់ភូមិស្របច្បាប់ គឺចេញដោយក្រសួងមហាផ្ទៃ មិនមែនទទួលស្គាល់ដីព្រៃនោះទេ។
លោក សុខ លូ បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស ឬប្រើប្រាស់កន្សែង នៅពេលចេញទៅខាងក្រៅ។
លោកបានបន្តថា ចំពោះភូមិ/ឃុំ មានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សា ក្នុងគ្រួសារនិងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរ។
លោក សុខ លូ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជា ម្តងណាឡើយ៕