(ភ្នំពេញ)៖ នារីរូបស្រស់ម្នាក់ បានចូលខ្លួនមកសារភាពទទួលកំហុស និងចេញវីដេអូសុំទោសជាសាធារណៈ ក្រោយពេលដែលខ្លួន បានបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ច ដោយគ្មានការពិត តាមបណ្តាញសង្គម TikTok។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹងគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានចោទប្រកាន់ មកលើសមត្ថកិច្ចដោយគ្មានការពិត ដូចខាងក្រោម៖
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុង ចំពោះគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ ដោយគ្មានភ័ស្តុតាង មកលើសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការ ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។
ដោយទទួលស្គាល់ព័ត៌មានវីដេអូ ដែលខ្លួនបានបង្ហោះនោះ ជាព័ត៌មានមិនពិត បុគ្គលរូបនេះ បានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អ របស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក៏សូមអំពាវនាវ ដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាបំផ្លើស ការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ ជាធរមានផងដែរ៕