(បាត់ដំបង)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ នៅផ្សារថ្មី ខេត្តបាត់ដំបង និងផ្ទះលក់គ្រឿងទេស ជុំវិញផ្សារនៅក្រុងបាត់ដំបង។

ក្នុងនោះ មន្ដ្រីជំនាញ បានធ្វើតេស្តិ៍បឋមលើមុខទំនិញដូចជា៖ សរសៃគុយទាវ (តូច-ធំ) បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែក ដែលដាក់សារធាតុគីមីហាមឃាត់
(Borax) ចំនួន៣គីឡូក្រាម យកមករក្សារទុកនៅសាខាខេត្ត ដើម្បីដុតកំទេចចោលពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខា ក.ប.ប ខេត្ត បានឲ្យដឹងថា មន្រ្តីជំនាញបាន ចុះត្រួតពិនិត្យទំនិញនៅផ្សារថ្មី និងផ្ទះលក់គ្រឿងទេស ជុំវិញផ្សារនៅក្រុងបាត់ដំបង។
ដោយបានធ្វើតេស្តបឋមលើមុខទំនិញដូចជា៖ ជ្រក់មមាញ ជ្រក់ស្ពៃ ជ្រក់ទំពាំង សរសៃគុយទាវ (តូច-ធំ) បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែក ហើយចុះបិត Poster។ លទ្ធផលទទួលបាន គឺបានរកឃើញ ពពុះសណ្ដែក ផ្ទុកសារធាតុគីមីហាមឃាត់ (Borax) ចំនួន៣ គីឡូក្រាមយកមករក្សាទុកនៅសាខា ដើម្បីដុតកំទេចចោល ពេលក្រោយ ។

លោកប្រធានសាខា បានបញ្ជាក់ថា ផ្សារនៅក្នុងក្រុងបាត់ដំបង អាជីវករភាគច្រើន យល់កាន់តែច្បាស់ពីផលប៉ះពាល់សុខភាព និងគោរពច្បាប់ ជាគោលផងនោះ គឺពួកគាត់លែងលក់ទំនិញ ទាំងនោះទៀតហើយ ទើបលទ្ធផល នៃការចុះត្រួតពិនិត្យរកឃើញតិចតួចបំផុត។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋ ពិសេសអាជីវករ
មានកាយល់ដឹងច្រើន ព្រមទាំងគោរពតាមការណែនាំ របស់មន្រ្តីជំនាញផងដែរ។

ជាមួយគ្នានោះ លោក ហាក់ សុខរិន ក៏បានអំពាវនាវ ដល់អាជីវកររួមគ្នាទប់ស្កាត់ និងកុំលក់ទំនិញខូចគូណភាព ឬ ម្ហូបអាហារមានដាក់លាយ សារធាតុគីមីហាមឃាត់ខុសច្បាប់បន្តទៀត ព្រោះវាបណ្តាល ឲ្យមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងផ្សព្វផ្សាយតាមរយៈអប់រំដោយផ្ទាល់ ឬ តាមការបិទស្ទិកឃើ នៅនឹងកន្លែងលក់តែម្តង៕