(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារសម្របសម្រួលទំនាស់រវាងក្រុមហ៊ុននុភាពសុភី បានឲ្យដឹងថា គោលការណ៍ដោះស្រាវដោយផ្អែកលើការ សម្របសម្រួលជូនប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលជាក់ស្តែងនៅលើក្រុមហ៊ុននុភាពសុភី ក្នុងភូមិសាស្រ្តឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួន ព្រមទទួលយកគោលការណ៍ដោយគ្មានអ្នកណាបង្ខិតបង្ខំឡើយ។
លោកបន្តថា ដោយឈរលើគោលនយោបាយដោះស្រាយរបស់រដ្ឋបាលខេត្ត ប្រជាពលរដ្ឋចំនួន២៣៣គ្រួសារ ត្រូវបានរដ្ឋបាលខេត្តចេញលិខិតបញ្ជាក់កាន់កាប់ដីដោយស្របច្បាប់។
ដោយឡែក ការដោះស្រាយនាពេលនេះ គឺដោះស្រាយដែលមានឈ្មោះជាន់គ្នារវាងឈ្មោះ លាង មួយងីម តែម្មាក់ឯង និងឈ្មោះ ឈួ ប៊ុនធី ឈ្មោះ លាវ សុភា ឈ្មោះ ហុង ស៊ី ឈ្មោះ សូត្រ សម្ភស្ស .អាន ស្រីអូន និងឈ្មោះ លី តុលា។
ក្នុងការដោះស្រាយអង្គប្រជុំបានសម្រេច៖
*ទី១៖ រដ្ឋបាលខេត្តសុំឲ្យលោក ហុង ស៊ី ទៅពិចារណាជាមួយក្រុមគ្រួសារ ហើយផ្តល់ព័ត៌មានត្រឡប់ឲ្យបានមុនថ្ងៃ២៩ ខែកក្តដានេះ ដើម្បីឲ្យរដ្ឋបាលខេត្តរៀបចំឯកសារមុនប្រជុំសម្រេច។
*ទី២៖ ចំពោះប្រជាពលរដ្ឋដែលមានសំណុំរឿងនៅតុលាការក្រុមការងារ និងសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីស្នើសុំទៅកាន់តុលាការយកសំណុំរឿងមករដ្ឋបាលខេត្ត ដោះស្រាយវិញដើម្បីធ្វើការដកហូតជាទ្រព្យសម្បត្តិរដ្ឋ។ ហើយចំពោះដីនៅតុលាការ ប្រសិនបើប្រជាពលរដ្ឋងាកមកដោះស្រាយតាមគោលការណ៍របស់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងដោះស្រាយជូនពួកគាត់វិញ។
ទី*៣៖ ប្រជាពលរដ្ឋដែលបានព្រមព្រៀងតាមគោលការណ៍រដ្ឋបាលខេត្ត ក្រុមការងារនឹងធ្វើការដោះស្រាយជូនគាត់ជាបន្តទៀត។
គួបញ្ជាក់ដែរថា ក្រុមហ៊ុននុភាពសុភី បានធ្វើការវិនិយោគលើទីតាំងដីនេះចាប់តាំងពីឆ្នាំ២០០៧ មក ដែលមានទំហំដីប្រមាណជិត៣,០០០ហិចតា ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការដាំដុះ លើផ្ទៃប្រមាណជាង៩០០ហិចតា លើដំណាំស្វាយចន្ទី ដំណាំស្វាយ និងដូងក្រអូប និងកៅស៊ូ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនបានស្រូបយកកម្លាំងពលកម្មរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ៦០នាក់ ទៅ៧០នាក់ ក្នុងមួយថ្ងៃលើការថែទាំ ដំណាំផ្សេងៗដើម្បីបង្កើនជីវភាពគ្រួសារ៕