(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ រួមទាំងក្រុមការងារ បានចុះសំណេះសំណាល នឹងនាំយកប៉ាវអ៊ីបត់ ក្រម៉ា សៀវភៅក្រមង៉ុយ ថវិកា ដបអាល់កុល និងទឹកអាល់កុលចំនួន៦០លីត្រ ទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ដើម្បីចែកជូនប៉ុស្តិ៍សុខភាពទាំង១២ បន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៍ដូចជាចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ឃុត ឡាដែន អភិបាលរងស្រុកក្រូចឆ្មារ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ប្រធាន-អនុប្រធានមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង១២ លោកមេឃុំក្រូចឆ្មារ ព្រមទាំងមន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាល ជាច្រើនរូប។
នាឱកាសនោះ លោក ចាយ បូរិន បានលើកឡើងថា សម្ភារដែលលោកនាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅ ធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ។
លោក ចាយ បូរិន ក៏បានស្នើឱ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឱ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាសអោយបានជាប្រចាំ ។
ទន្ទឹមនឹងនេះដែរ លោក ចាយ បូរិន បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីកុំឱ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។
សូមជម្រាបថា សម្ភារ និងថវិកាដែលលោក ចាយ បូរិន នាំយកទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ រួមមាន៖ ប៉ាវអ៊ីបត់ ចំនួន៥០សំរាប់, កំប៉ុងដាក់ទឹកអាកុល, ទឹកអាល់កុលលាងដៃចំនួន០២កាន, ក្រម៉ាចំនួន២០០, សៀវភៅក្រមង៉ុយ ៧០ក្បាល និងថវិកាមួយចំនួន។ ព្រមទាំងផ្ដល់ជូនលោកគ្រូអ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលដែលបានចូលរួម ក្នុងម្នាក់ទទួលបានសៀវភៅក្រមង៉ុយ០១ក្បាល, ក្រម៉ា០១ និងថវិកា មួយចំនួនផងដែរ៕