(កណ្ដាល)៖ ក្រុមម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុប១៤០នាក់ នៅខេត្តកណ្ដាល បានសំដែងក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញកញ្ចប់ថវិកា១០០លានដុល្លារ ទៅលើគោលនយោបាយ SME BANK ដែលផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុត ដែលនេះជាគោលនយោបាយជួយដល់ម្ចាស់សហគ្រាទាំងអស់ទូទាំងប្រទេស ឱ្យមានក្ដីសង្ឃឹមឡើងវិញ ខណៈកូវីដ១៩ បាន និងកំពុងវាយលុកពិភពលោក និងកម្ពុជា ដែលធ្វើពួកគាត់មានការលំបាកខ្លាំងចំពោះប្រាក់ចំណូល និងការប្រាក់ខ្ពស់ទៅលើធនាគារ ហើយគោលនយោបាយនេះ ជាទេវតាស្រោចស្រង់អាយុជីវិតរបស់ពួកគាត់ ក្រោមគំនិតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ការសំដែងក្ដីត្រេកអរនេះ ធ្វើឡើងនៅក្នុងជំនួបមួយសិក្ខាសាលាមួយរវាងម្ចាស់សហគ្រាសធុនតូច និងមធ្យម១៤០នាក់ និងសមាគមសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយមានការចូលរួមពីលោក នុត ពុធតារា អភិបាលរងខេត្តកណ្ដាលផងដែរ នៅសាលប្រជុំសាលាខេត្តកណ្ដាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
ប្រធានសមាគមលោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា សមាគមបានបើកកិច្ចប្រជុំនេះឡើងក្នុងន័យជួយផ្ដល់ជាយុទ្ធសាស្ត្រ ក្នុងការដោះស្រាយបំណុលជាមួយធនាគារ និងនីតិវិធីដើម្បីអាចងាយខ្ចីប្រាក់ពី SME BANK ពីរាជរដ្ឋាភិបាលកម្ពុជាបានស្របច្បាប់ និងងាយស្រួល ខណៈបើសិនជាដោះបញ្ហានេះបាន ហើយខ្ចីលុយពីរដ្ឋាភិបាលពិតមែន នោះម្ចាស់សហគ្រាសនឹងធូរស្រាលបន្ទុកមួយកម្រិត ខណៈអត្រាការប្រាក់ពី SME BANK មានកម្រិតទាបបំផុត។
លោកឧកញ៉ាបន្តថា គម្រោងនេះសមាគមបន្តធ្វើទូទាំងប្រទេសនៅតាមទីតាំងខេត្តក្រុងផ្សេងគ្នា ជាបន្តបន្ទាប់ទៅតាមពេលវេលា ដែលកិច្ចការនេះ គឺដើម្បីជួយដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យមានសង្ឃឹមឡើងវិញ ខណៈលោកក៏ជំរុញឱ្យម្ចាស់សហគ្រាសទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាពផលិតរបស់ខ្លួនបង្កើនឱ្យស្របតាមស្តង់ដារ និងមានគុណភាពល្អមិនឱ្យចាញ់បរទេសឡើយ។
ទន្ទឹមនឹងសារនេះ លោកឧកញ៉ាបានស្នើដល់ក្រសួងពាក់ព័ន្ធ មេត្តាបង្កើនកម្មវិធីតាំងពិពរណ៍ផលិតផលក្នុងស្រុក ហើយពលរដ្ឋខ្មែរទាំងអស់ ក៏សូមចូលរួមគាំទ្រទិញផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច បង្កើតនិងបង្កើនការងារដល់កូនខ្មែរឱ្យបានកាន់តែច្រើនឡើង កាត់បន្ថយការចំណាកស្រុកនៅធ្វើការនៅស្រុកគេជាដើម។
ពាក់ព័ន្ធនឹងកម្មវិធីនេះដែរ លោក នុត ពុធដារ៉ា បានគាំទ្រចំពោះសកម្មភាពរបស់សមាគមសហគ្រាសធុនតូច និងមធ្យម ដែលបានធ្វើសកម្មភាពល្អៗ ជួយដល់ម្ចាស់សហគ្រាសដើម្បី ជួយពន្លឿនលើការផលិតផលិតផលរបស់ពួកគេ។
លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានយល់ច្បាស់ ហើយមានភាពស្មោះត្រង់ចំពោះផលិតផលរបស់ខ្លួន ឱ្យស្របតាមស្តង់ដារ និងមានគុណភាពល្អ ដើម្បីប្រកួតប្រជែងជាមួយផលិតផលបរទេស ខណៈលោកប្រធានក៏បានប្ដេជ្ញាថានឹងជួយសហគ្រាសទាំងអស់នៅខេត្តកណ្ដាល តាមដែលអាចធ្វើទៅបាន ក្នុងទិសដៅរួមនៃការអភិវឌ្ឍន៍ ការរីកចម្រើន និងបង្កើត បង្កើនការងារដល់កូនខ្មែរជាដើម។
គួរជម្រាបថា សមាគមសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយបានធ្វើសិក្ខាសាលាអប់រំ និងបណ្ដុះបណ្ដាលសមាជិកជាង ១០០លើកមកហើយ ខណៈឆ្នាំនេះសមាគមទើបនឹងបើកសិក្ខាសាលាជាថ្មីម្ដងទៀត ដោយសារវីរុសកូវីដ១៩ បានវាយលុក ដែលនាំឱ្យមានភាពរាំងខ្ទប់ ហើយចាប់ខែនេះទៅ សមាគមនឹងបន្តធ្វើសិក្ខាសាលាជាបន្តបន្ទាប់ទៅតាមបណ្ដាខេត្តក្រុងនានា៕