(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន និងបើកការដ្ឋានកសាងផ្លូវ ចំណុចផ្ទះ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក និងពិនិត្យមើលប្រាសាទពីរ គឺប្រាសាទអង្គរថ្មីបុរីខ្មែរ និងប្រាសាទជាហោ ស្ថិតតំបន់ព្រំដែន ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងពិធីនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាព នានាជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការរង លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាល ស្រុករមាសហែក និងបងប្អូនអតីត យុទ្ធជន នៅក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។
លោក ម៉ែន វិបុល បានថ្លែងពានាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអតីតយុទ្ធជនថា សម្តេច មានការនឹករលឹក និងតែងតែគិតគូរដល់សមាជិក ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់ដី និងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ហើយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត តែងតែចុះមកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅ និងជួយទំនុកបម្រុងដល់បងប្អូន ក្នុងស្ថានភាពដែលពួកគាត់ តាំងទីលំនៅថ្មី និងមានការខ្វះខាត។
លោក ម៉ែន វិបុល បានអំពាវនាវឲ្យបងប្អូនតីតយុទ្ធជនរួមគ្នា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងត្រូវចេះថែរក្សាសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ដោយហូបទឹកឆ្អិន សម្រាន្តក្នុងមុង ដើម្បីបញ្ចៀសជំងឺផ្សេងៗ មិនតែប៉ុណ្ណោះត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕