(មណ្ឌលគីរី)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះមកមើល ចំការបន្លែស្ពៃក្តោប និងស្ពៃបូកគោ របស់លោក គ្រី ម៉េង ឈាង នៅក្រុងសែនមនោរម្យ និងចំការបន្លែស្ពៃបូកគោមួយកន្លែងទៀត របស់លោក ឡង់ នី។
លោកទាំងពីរនាក់ បានរៀបរាប់ជូនលោករដ្ឋមន្រ្តី វេង សាខុន បានជ្រាបដំណើរការដាំបន្លែ មើលថែទាំ និងប្រមូលផល។ លោកទាំងពីរនាក់ បានលើកឡើងថា ជារួមបន្លែស្ពៃក្តោប និងស្ពៃបូកគោទីផ្សារធំ គឺនៅភ្នំពេញ មានតម្លៃសមរម្យ សេចក្តីត្រូវការទីផ្សារខ្ពស់។ បញ្ហាចំបងដែលពួកគាត់ កំពុងប្រឈមគឺដើមទុនវិនិយោគ ដើម្បីពង្រីកផលិតកម្មបន្លែ ដូចជារោងសំណាញ់ រៀបចំប្រព័ន្ធទឹក ទីតាំងប្រផ្តុំ និងទូត្រជាក់ -ល-។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់កសិករទាំងពីរ និងមានការជឿជាក់ថា ទីផ្សារ និងតម្លៃបន្លែសុវត្ថិភាព នឹងល្អប្រសើរឡើងជាលំដាប់ ដោយសារការពេញនិយមរបស់អ្នកបរិភោគ ដែលគិតគូពីសុខភាពជាចំបង ហើយអ្នកដាំ ក៏បានអនុវត្ត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាពិសេសបន្លែ ដែលមានប្រភពពីខេត្តមណ្ឌលគីរីនេះ តែម្តងដោយសារក្សេត្របរិស្ថាន សម្រាប់ដំណាំបន្លែមានការលូតលាស់បានល្អ និងរស់ជាតិឆ្ងាញ់ពិសារទៀតផង។
សម្រាប់អនាគត លោករដ្ឋមន្ត្រី វេង សាខុន ណែនាំឲ្យមន្ទីរជួយធ្វើជាស្ពានចំលង រវាងអ្នកផលិត និងឈ្មួញ តាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ និងសាច ប្រើប្រាស់ ជី និងថ្នាំកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ បានយកគោលការណ៍ស្តីពី «ការអនុវត្តកសិកម្មល្អ (GAP)»។
នាឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនពូ ឡង់ នី ចំនួន១០០ដុល្លារ ដែលបានប្រើប្រាស់រោងសំណាញ់ ប្រព័ន្ធទឹក ដាំបន្លែបានល្អ។
ក្នុងក្រុងសែនមនោរម្យដដែល លោករដ្ឋមន្ត្រី វេង សាខុន បានបន្ដចុះមកមើលចំការក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ របស់បងស្រី ប្រាក់ សាវី។
ដើរមើលផលដំណាំបណ្តើរ រៀបរាប់អំពីផលដំណាំជូន លោករដ្ឋមន្រ្តីកសិកម្មបណ្តើរថា បច្ចុប្បន្នដំណាំឈើហូបផ្លែខាងលើ ទទួលបានផលល្អ និងកំពុងពេញនិយម នៅលើទីផ្សារ ពិសេសផ្លែប៊ឺ សម្រាប់ភ្ញៀវអញ្ជើញមកពីភ្នំពេញ និងបញ្ជាទិញយកទៅភ្នំពេញ។
ជាមធ្យមបងស្រី អាចរកចំណូលបានពី ១០,០០០-១៥,០០០ដុល្លារ ក្នុង១ឆ្នាំ លើផ្ទៃដី៧ហិកតា។ បងស្រីបញ្ជាក់ថា ដោយសារចំណូលនេះហើយ ធ្វើឲ្យកូនពីរនាក់ មួយចប់បរិញ្ញាបត្រច្បាប់ និងមួយទៀតសញ្ញាបត្រវេជ្ជបណ្ឌិត និងមួយទៀតកំពុងត្រៀមប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ។
ឃើញផល្លានុផល ក្នុងចំការដុះលូតលាស់ ឲ្យផលបានល្អប្រសើរ លោករដ្ឋមន្ត្រី វេង សាខុន អត់សរសើរមិនបាន ចំពោះការខិតខំប្រឹងប្រែងមើលថែរទាំ ដំណាំបានទទួលផលយ៉ាងល្អ និងចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ កូនៗបានរៀនសូត្រជ្រៅជ្រះ គ្រួសារជួបជុំ មានសុភមង្គល។
កត្តាវិជ្ជមានទាំងអស់នេះហើយ គឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ស្របពេលដែលសេដ្ឋកិច្ចជាតិ កំពុងប្រឈមនឹងបញ្ហា ដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ និងវិស័យមួយចំនួនកំពុងអសកម្ម។
លោករដ្ឋមន្ត្រី វេង សាខុន បានលើកទឹកចិត្ត ឲ្យបងស្រីខិតខំប្រឹងប្រែងបន្ថែមទៀតទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើយ៉ាងណាធានាទាំងបរិមាណ និងគុណភាពសម្រាប់ផលិតផលផ្លែឈើ ក្នុងចំការរបស់បងស្រី ដែលកំពុងមានសក្តានុពលទាំងក្នុងតំបន់ និងក្រៅតំបន់។
លោករដ្ឋមន្ត្រីកសិកម្ម បានជូន១០០ដុល្លារ ហើយថាប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងនាមថ្នាក់ដឹកនាំក្រសួង ពេលឃើញបងស្រីខិតខំបង្កបង្កើនផលផង និងអប់រំទូន្មាន ព្រានប្រដៅ ណែនាំកូនៗបានរៀនសូត្រខ្ពង់ខ្ពស់ ដែលពួកគេគឺជាធនធានមនុស្សមានសមត្ថភាព ចេញពីគ្រួសារកសិករដាំដំណាំ ជារបរស្នូលដើម្បីសេដ្ឋកិច្ចគ្រួសារ៕