(ព្រះសីហនុ)៖ ជនមានពិការភាពក្រីក្រ ក្នុងខេត្តព្រះសីហនុ នឹងទទួលបានរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក្នុងពេលឆាប់ៗខាងមុខនេះ។នេះបើតាមការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈលោកចូលរួមនៅក្នុង ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក ញ៉ឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយខេត្តព្រះសីហនុ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងតែរួមសហការគ្នា ក្នុងការអនុវត្តការងារពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ជាពិសេសការប្រមូលទិន្នន័យដំបូង សម្រាប់ជនពិការទូទៅ នៅក្នុងខេត្តព្រះសីហនុ។
ជាមួយនឹងការអនុវត្តគោលនយោបាយខាងលើនេះ គិតចាប់ពីឆ្នាំ២០១៦ មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជនពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ ចំនួន ១៦.៤១០នាក់ ក្នុងខេត្តចំនួន១៥ គឺខេត្តត្បូងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពត និងខេត្តតាកែវ ហើយសម្រាប់ឆ្នាំ២០២០ នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន៤ រាជធានីខេត្តថ្មីបន្ថែមទៀត រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប និងខេត្តកោះកុង។
ក្នុងនោះផងដែ លោក ញ៉ឹក វណ្ណារ៉ា បានផ្តល់នូវអនុសាស្រ្តសំខាន់ៗមួយចំនួនជូន ដល់សមាជិកសមាជិការនៃសិក្ខាសាលានាពេលនោះរួមមាន៖
១៖ បន្តសហការជាមួយមន្ទីរផែនការខេត្ត លើការបន្ស៊ីផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រ នៅតាមសហគមន៍។
២៖ សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនមានពិការភាពទូទៅ ជាពិសេសជនមានពិការភាពក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យបានល្អប្រសើរ ។
៣៖ ត្រូវបន្តជំរុញមន្ទីរ ស្ថាប័ន និងផ្នែកឯកជន ឱ្យទទួលជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។
៤៖ រដ្ឋបាលសិទ្ធិជនពិការខេត្តព្រះសីហនុ ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះ ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនមានពិការភាពឱ្យចូលបម្រើការងារ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្តជាធរមាន។
ជាមួយគ្នានេះដែរ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូរទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាការងារពហុវស័យដែលទាមទារឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោកបានបន្តថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្តបានផ្ដល់លិទ្ធភាពដល់ជនពិការគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការ ក្នុងការសម្ដែងមតិ ទទួលបានព័ត៌មាន។ក្រៅពីនោះ រដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាព សង្គមសម្រាប់ជនពិការដូចជាសកម្មភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ និងសកម្មភាពផ្សេងៗទៀត។
ជាមួយគ្នានោះ លោក គង់ វិតាណៈ មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយដល់ជនពិការក្រីក្រក្នុងសហគមន៏ គឺជាការលើកកំពស់ជីវភាពដល់ជនមានពិការភាពក្នុងខេត្តព្រះសីហនុ អោយមានជីវភាពកាន់តែប្រសើរឡើងមួយកំរិត និងយោងតាម ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកយុទ្ធសាស្រ្តអ៊ុនឈាន់ធ្វើឲ្យសិទ្ធិក្លាយ ជាការពិតឲ្យទទួលបានជោគជ័យ៕