(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នាក់និងជាសះស្បើយ០៧នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបានបញ្ជាក់ថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គការសហប្រជាជាតិចំនួន០៤នាក់ និងក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់។
ក្រុមមួកខៀវអង្គការសហប្រជាជាតិ ចំនួន០៤នាក់៖
* មានបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិគោកព្រិច ខេត្តព្រះវិហារ
* បុរសជនជាតិខ្មែរអាយុ៤៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិកំនូល ឃុំកំនូល ស្រុកអង្គស្នួល ខេត្តកណ្ដាល
* បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
* បុរសជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត
បុរសទាំង០៤នាក់ខាងលើ មានលទ្ធផលវិភាគវត្ថុសំណាកលើកទីបីរបស់គាត់ វិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ជាក្រុមមួកខៀវអង្គការសហប្រជាជាតិ ដែលសរុបមាន ៨០នាក់ បានវិលត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ក្រៅពីអ្នកជំងឺក្រុមនេះ ត្រូវបានបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ។
ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់៖
* បុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំសេដា ស្រុកដំបែ ខេត្តត្បូងឃ្មុំ
លទ្ធផលវិភាគវត្ថុសំណាកលើកទីពីរ របស់ពួកគាត់ទាំងបីនាក់ខាងលើនេះ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសជនជាតិខ្មែរទាំង០៣នាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១៖៥០នាទីយប់ ដែលមានអ្នកដំណើរសរុបចំនួន៥៩នាក់ (ស្រី០៩នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានបន្តដាក់ឱ្យធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័កកងទ័ព័អាកាស រាជធានីភ្នំពេញ។
ចំពោះអ្នកព្យាបាលជាសះស្បើយចំនួន៧នាក់វិញ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថារួមមាន៖
១៖ បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៖ បុរសជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅឃុំសាលាកម្រើក ស្រុកសៀមរាប ក្រុងសៀមរាប
៣៖ បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅបុរីចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ
៤៖ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅបុរីប៉េងហួត បឹងស្ទោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៥៖ បុរសជនជាតិខ្មែរអាយុ ២៤ ឆ្នាំ មានអាស័យដ្ឋាននៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
៦៖ បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ១ ឫស្សីកែវ រាជធានីភ្នំពេញ
បុរសទាំង០៦នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
៧៖ ជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានៅរាជធានីភ្នំពេញ ដែលជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៨៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៥៤នាក់ (ស្រី ៤០នាក់ និងបុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕