(ភ្នំពេញ)៖ កម្ពុជា និងចិន ទើបនឹងបញ្ចប់កិច្ចចរចាជាមួយគ្នាលើការធ្វើពាណិជ្ជកម្មសេរី។ តាមការគ្រោងទុកកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីទ្វេភាគីជាប្រវត្តិសាស្ត្រ និងលើកដំបូងសម្រាប់កម្ពុជា អាចនឹងត្រូវមេដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខានៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១នេះហើយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានមន្ត្រីសេដ្ឋកិច្ច និងអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ជាកាលានុវត្តន៍ភាពថ្មីមួយសម្រាប់កម្ពុជាបើកលំហរពាណិជ្ជកម្មទៅកាន់ប្រទេសចិន ហើយក៏នឹងទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។
តើអ្វីទៅជាការធ្វើពាណិជ្ជកម្មសេរី? ហេតុអ្វីគ្រាន់តែមានពាណិជ្ជកម្មសេរីក៏ពង្រីកការធ្វើពាណិជ្ជកម្ម? នរណាបានប្រយោជន៍ពីពាណិជ្ជកម្មសេរី?
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាលើការធ្វើពាណិជ្ជកម្មសេរីជាមួយចិន បានពន្យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬគេហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
លោក សុខ សុភ័ក្ត្រ បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងបើកឱកាសកាន់តែធំសម្រាប់កម្ពុជាក្នុងការនាំចូលផលិតផលកសិផល និងកសិផលកែច្នៃចូលទៅប្រទេសចិន ដោយមិនជាប់ពន្ធនោះឡើយ។ បើតាមលោក សុខ សុភ័ក្ត្រ ក្នុងមុខទំនិញរបស់កម្ពុជាប្រមាណ ៣៤០មុខ មានប្រមាណ ៩៥ភាគរយ នឹងលែងជាប់ពន្ធក្រោយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។ ដោយឡែកមុខទំនិញប្រមាណជា ៥ភាគរយទៀត នឹងត្រូវលែងជាប់ពន្ធដែរក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៩ មានជាង ៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅចិន បានជាង ១ពាន់លានដុល្លារ ហើយចិននាំចូលមកកម្ពុជាមានជាង ៧ពាន់លានដុល្លារអាមេរិក។
លោក សុខ សុភ័ក្ដ្រ បានថ្លែងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន ការនាំទំនិញចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ ២៥ភាគរយបន្ថែមទៀត។
សម្រាប់អ្នកទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ត្រូវបានលោក សុខ សុភ័ក្ត្រ គូសបញ្ជាក់ថា គ្រប់កោសិកាទាំងអស់ក្នុងសង្គមកម្ពុជា ពោលទាំងរាជរដ្ឋាភិបាល អ្នកវិនិយោគ អ្នកផលិត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺប្រជាកសិករ៕