(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានព្រមានថា ទីក្រុងទាំងមូលគឺកំពុងស្ថិតនៅក្បែរមាត់ជ្រោះ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ហើយលោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យព្យាយាមស្នាក់នៅតែក្នុងផ្ទះឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ខណៈដែលវិធានការរឹតត្បិតថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃវីរុសនេះ នឹងចូលជាធរមាននៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកស្រី Lam បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតែស្ថិតនៅមាត់ជ្រោះ នៃការផ្ទុះករណីឆ្លងជាលក្ខណៈទ្រង់ទ្រាយធំ ដែលនឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់យើងដួលរលំក៏អាចថាបាន ហើយមនុស្សជាច្រើនអាចនឹងបាត់បង់ជីវិត ជាពិសេសមនុស្សចាស់»។
ប្រមុខរដ្ឋបាលហុងកុងរូបនេះ បានសង្កត់ធ្ងន់ទៀតថា «ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើង, ដើម្បីការពារបុគ្គលិកសុខាភិបាល និងដើម្បីការពារហុងកុងទាំងមូល ខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិទាំងអស់ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការរក្សាគម្លាតសុវត្ថិភាព និងស្នាក់នៅតែក្នុងផ្ទះ តាមតែអាចធ្វើទៅបាន»។
វិធានការរឹតត្បិតថ្មី ដែលនឹងត្រូវអនុវត្តយ៉ាងតិច ០៧ថ្ងៃ ត្រូវបានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីមួយនេះ បានមើលឃើញពីការកើនឡើងវិញ នូវករណីឆ្លងក្នុងស្រុក នារយៈពេលបីសប្តាហ៍កន្លងមកនេះ។
វិធានការថ្មីដែលចាប់ផ្តើមអនុវត្តនៅថ្ងៃពុធនេះ គឺបានហាមប្រាមការប្រមូលផ្តុំគ្នា ដែលមានមនុស្សច្រើនជាងពីរនាក់ ក៏ដូចជាបានដាក់កំហិតឲ្យពាក់ម៉ាសជាចាំបាច់ នៅតាមទីសាធារណៈជាដើម។ ទាំងនេះគឺជាវិធានការដ៏តឹងរ៉ឹងបំផុត ដែលត្រូវបានណែនាំនៅក្នុងទីក្រុងមួយនេះ បើរាប់ចាប់តាំងពីមានករណីផ្ទុះជំងឺនេះមក។
គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ហុងកុងបានរកឃើញករណីឆ្លងថ្មីៗ រហូតដល់ ១០៦នាក់ ដោយក្នុងនោះមាន ៩៨នាក់ជាករណីឆ្លងក្នុងស្រុកតែម្តង។ ជាសរុបដែនដីដែលមានប្រជាជនរស់នៅច្រើនជាង ៧លាននាក់មួយនេះ មានករណីឆ្លងជាង ២,៧០០ករណី ក្នុងនោះស្លាប់ ២២នាក់ និងជាសះស្បើយជាង ១,៤០០នាក់៕