(កណ្ដាល)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធនៅខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីងាយគ្រប់គ្រងទិន្នន័យ និងសភាពការថ្មី ដែលកើតមានឡើងនៅនឹងកន្លែង ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកើតមានថ្មីៗនេះ។
លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាបានជំរុញយ៉ាងដូច្នេះ នៅគ្រាដែលលោកស្រី បានដឹកនាំគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដែលដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី ទី បូរ៉ាស៊ី បានថ្លែងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះបេសកកម្មក្នុងខេត្តកណ្តាល មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅ ផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ ទៅតាមសមត្ថកិច្ចរបស់ខ្លួន និងចុះមើលជនបរទេសដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់ អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត។
លោកស្រីលើកឡើងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួលជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់ឲ្យខេត្តនីមួយៗអនុវត្ត ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗ ពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពឲ្យបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់ឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។
ជាមួយគ្នានោះ លោកស្រី ទី បូរ៉ាស៉ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕