(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២៥ករណី ដល់មូលដ្ឋានផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា និងដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្ត ទៅលើរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងក្រុមគ្រួសារ។

កិច្ចដំណោះស្រាយ ត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសបើកកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានឱ្យដឹងថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្តនោះ, ថ្នាក់ដឹកនាំខេត្តដោយមានការចូលរួម ពីលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះ ធ្វើការដោះស្រាយដោយផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា។ លោកអភិបាលខេត្តបានបន្តថា លោកមិនចង់ឱ្យពលរដ្ឋប្រើប្រាស់ពេលវេលាដែលអត់ប្រយោជន៍ ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដី រឿងជំពាក់លុយ និងរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងគ្រួសារនោះឡើយ។

លោកអភិបាលខេត្តបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តបានជាង ៦ឆ្នាំមកនេះ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានៈជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា។ លោកបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដោះស្រាយនេះ បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ មិនលំអៀង និងមិនធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់នោះឡើយ។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ០២៖៣០នាទីរសៀល លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមដោយផ្ទាល់ ដល់មូលដ្ឋាន បានចំនួន២៥ករណី និងទទួលទានមីកញ្ចប់ ទឹកក្រូច និងទឹកបរិសុទ្ធ ជាអាហារសម្រន់ជួបជុំគ្នាបញ្ចប់រឿងផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានផ្តល់ជូនប័ណ្ណសរសើរ និងអំណោយមួយចំនួន ជូនដល់លោក មី សុផាត និងក្រុមគ្រួសារ រស់នៅស្រុកបាកាន ដែលបានប្រគល់វត្ថុបូរាណ រូបព្រះគណេសមួយអង្គ ជូនសារមន្ទីរខេត្ត ដើម្បីរក្សាទុក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅ៕