(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យចេញវីដេអូសុំទោសជាសាធារណៈ ក្រោយស្រ្តីរូបនេះបានប្រមាថមើលងាយមកលើសមត្ថកិច្ចតាម បណ្តាញសង្គម ករណីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចែទូច លក់ស្វាយ បានប្រមាថមើលងាយមកលើសមត្ថកិច្ចទាក់ទងទៅនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
លោកបានបញ្ជាក់ថា «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Facebook ឈ្មោះ ចែទូច លក់ស្វាយ ដែលបាន Live វីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ មកលើសមត្ថកិច្ច ក្រោយពេលខ្លួនបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គលឈ្មោះ ស្វាយ សារី ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ»។
ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះ ជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ។
លោកបានបន្តថា «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ»៕