(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ ប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សរា សមាជិកក្រុមប្រឹក្សា រួមទាំងលោក លោកស្រីជាអភិបាលរងក្រុងសៀមរាប លោកលោកស្រីប្រធាននិងតំណាង មន្ទីរ តំណាងអង្គភាពប្រដាប់អាវុធទាំង០៣ប្រភេទ លោកនាយក នាយករង រដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះអោយរដ្ឋបាលក្រុងសៀមរាប មន្ត្រីរាជការ លោកលោកស្រីក្រុមប្រឹក្សាសង្កាត់ លោកនាយប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ ប្រធានមណ្ឌលសុខភាព និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ១៦៥នាក់ចូលរួមផងដែរ។
វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ក្រុង ត្រូវបានប្រារព្វធ្វើឡើង ក្នុងគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើ សេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុមប្រឹក្សា បានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើត ឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អរ សេវាសាធារណៈ ឈានទៅរកការប្រមូលពត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការនេះផងដែរ។
នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងសៀមរាប នាឱកាសនេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណូមពរផ្ទាល់មាត់ចំនួន១៣ សំណួរ សរសេរជាអក្សចំនួន០២ ក្នុងនោះអង្គវេទិកា បាន ដោះស្រាយបំភ្លឺជូនបានចំនួន១៣ សំណូមពរ នៅសល់ចំនួន០២ សំនួរ នឹងត្រូវរងចាំធ្វើការឆ្លើយបំភ្លឺជាលិខិតលាយល័ក្ខអក្សរ ជូនម្ចាស់សាមី ដើម្បីជ្រាបនៅពេលក្រោយទៀត។
ក្នុងនាមរដ្ឋបាលក្រុងសៀមរាប សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ តំណាងអង្គភាព និងក្រុមការងារ ពាក់ព័ន្ធទាំងអស់ដែលបានអញ្ជើញចូលរួម និងសហការណ៍ ធ្វើអោយវេទិការនេះ អាចដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ បញ្ចប់ទៅប្រកបដោយ បរិយាកាសល្អប្រសើរ ផងដែរ៕