(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ នឹងត្រឡប់មកពីប្រទេសហ្ស៊កដានី, ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញ តាមជើងហោះហើរចំនួន២ផ្សេងគ្នា។

លោក កុយ គួង បានបញ្ជាក់ថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ដែលត្រូវបានរោងចក្រវាយនភណ្ឌចំនួន០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨៖១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ។

អ្នកនាំពាក្យរូបនេះបន្តទៀតថា នៅព្រឹកថ្ងៃនេះផងដែរ ពលរដ្ឋកម្ពុជាចំនួន៥០នាក់ (ជាអ្នកដំណើរទូទៅអ្នកមកពីពិនិត្យជំងឺ និងនិស្សិត) មកពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ក៏នឹងធ្វើដំណើរត្រឡប់មកកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី លេខ MH754 ដែលនឹងចេញដំណើរ ពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង១០៖០០នាទីព្រឹកនេះ៕