(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ រួមដំណើរដោយឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪដែលកំពុងធ្វើសកម្មភាពអន្តរាគមន៏យ៉ាងសកម្មមមាញឹក ក្នុងការជួយ ភ្ជួររាស់ដីស្រែ ស្រូវរដូវវស្សា ជូនប្រជាកសិករ នៅក្នុងភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រុមសម្តេចឪ បានចាប់ផ្តើមធ្វើការភ្ជួររាស់ដីស្រែជូនប្រជាកសិករ នៅក្នុងមូលដ្ឋាននេះ បានដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ ថ្ងៃទី៣០ ខែកក្កដានេះ សម្រេចទទួលបានលទ្ធផលចំនួន ៤៦ហិកតា បន្ទាប់ពីក្រុម សម្តេចឪ បានជួយភ្ជួររាស់ចប់រួចរាល់ជូនប្រជាកសិករ ក្នុងឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត, ឃុំត្រពាំងក្រញូង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រេចបានលទ្ធផលសរុប ចំនួន៤៩០ហិកតា រួចមកហើយ។
ក្រុមសម្តេចឪ បានគោរពទៅតាមគោលការណ៏ណែនាំ របស់សម្តេចចៅហ្វាវាំង ប្រធានក្រុមសម្តេចឪ ដែលសម្តេចចៅហ្វាវាំងតែងតែខិតខំយកអស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ អញ្ជើញចុះដល់ទីស្រែ របស់បងប្អូនកសិករជាបន្តបន្ទាប់ គោរពដង្ហែ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមាន ព្រះរាជហឬ ទ័យទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ជាពិសេស នៅក្នុងរដូវបង្កបង្កើនផលជារៀងរាល់ឆ្នាំ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ ប្រោសព្រះរាជទានដល់ក្រុមសម្តេចឪ ជួយភ្ជួររាស់ដីជូនបងប្អូនដែលគ្មាន គោ ក្របី ឬឧបករណ៏ សម្រាប់បម្រើអោយការងារអូសទាញ ដើម្បីបងប្អូន មានលទ្ធភាពបង្កបង្កើនផល បានទាន់ពេលវេលា និងទទួលបានទិន្នផលខ្ពស់។
សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជារាស្ត្រ ក្នុងមូលដ្ឋាននេះ ដែលបានអញ្ជើញមកស្វាគមន៏ អបអរសាទរ ចំពោះសកម្មភាពការងារដ៏ល្អប្រពៃ របស់មន្ត្រីបុគ្គលិក ក្រុមសម្តេចឪ ព្រមទាំងធ្វើការសាបព្រោះ លើដីស្រែរបស់បងប្អូនផងដែរ។
សម្តេចចៅហ្វាវាំង បានជម្រាបជូនបងប្អូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក និងព្រះរាជហឬទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនបងប្អូន ប្រជារាស្ត្រ ជាកូនចៅ ចៅទួត ជាទីស្នេហា របស់ព្រះអង្គគ្រប់រូប ដែលព្រះអង្គទាំងទ្វេ មានព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះការងារបង្កបង្កើនផល របស់កសិករជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងប្រទេស ហេតុនេះហើយបានជាព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាង ត្រាស់បង្គាប់សម្តេចចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឪ ធ្វើការភ្ជួររាស់ និងបូមទឹកបញ្ចូលស្រែ ជូនប្រជាកសិករ នៅគ្រប់ រដូវកាល ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលទាន់ពេលវេលា និងទទួលបានភោគផលច្រើន។
ប្រជារាស្ត្រជាម្ចាស់ស្រែ ជាកូនចៅ ចៅទួត រស់នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ និងសូម ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រកបនូវព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាត ដើម្បី កូនចៅ ចៅទួត បានជ្រកកោននៅក្រោមម្លប់ព្រះតេជៈបារមីដ៏ត្រជាក់ត្រជុំនៃ ព្រះអង្គជា រៀងរហូតតទៅ។
ព្រមជាមួយនេះប្រជារាស្ត្រជាកូនចៅ ចៅទួត សូមឧទ្ទិសថ្វាយមហាព្រះរាជកុសល ដ៏ថ្លៃថ្លាក្នុង ពេលនេះថ្វាយចំពោះដួងព្រះវិញ្ញាណក័ន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានយាងគង់ប្រថាប់សោយសុខ ក្នុងព្រះបរមសុគតិភព ប្រកបដោយព្រះបរមសុខ ក្នុងសម្បត្តិសួគ៌ និងព្រះនិព្វាន្ត កុំបីឃ្លៀងឃ្លាតឡើយ៕