(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវក្ដីរន្ធត់យ៉ាងក្រៃលែង និងផ្ញើសារចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុផ្ទុះដ៏កក្រើកមួយចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់។
តាមរយៈ Facebook នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ក៏បានបួងសួងឲ្យប្រជាជនលីបង់ ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះនេះ ឆាប់បានជាសះស្បើយ និងសូមឲ្យបេសកកម្មស្វែងរកអ្នកដែលបាត់ខ្លួនក្នុងគំនរផេះផង់ ទទួលបានជោគជ័យផងដែរ។
លោក ហ៊ុន ម៉ានី បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីរន្ធត់ក្រៃលែងដោយបានទទួលដំណឹង ពីឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ។ ជាមួយនឹងអារម្មណ៍សោកស្ដាយជាពន់ពេក នូវការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ ខ្ញុំសូមចូលរួមសម្ដែងមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យអ្នកដែលរងរបួស នៅបេសកកម្មស្វែងរកអ្នក ដែលបាត់ខ្លួនក្នុងគំនរផេះផង់ទទួលបានជោគជ័យ»។
គួរជម្រាបថា ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីម៉ោង១៨៖០០នាទីល្ងាច ថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅទីក្រុងបេរូត) បានកើនដល់១០០នាក់ហើយ និងច្រើនជាង ៤,០០០នាក់ផ្សេងទៀតរងរបួស ស្របពេលដែលរដ្ឋាភិបាលលីបង់ បានប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ» ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ។
បើតាមនាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន ឌីអាប (Hassan Diab) ការផ្ទុះខាងលើគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ។ លោក Hassan ថែមទំាំងបានសន្យាដែរថា នឹងរកមុខអ្នកទទួលខុសត្រូវលើ សោកនាដកម្មនេះ ព្រមទាំងដាក់ទោសឱ្យធ្ងន់ធ្ងរជាទីបំផុត៕