(ភ្នំពេញ)៖ យ៉ាងហោចណាស់ មាននិស្សិតខ្មែរចំនួន ៣២នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសថៃ បានធ្វើមាតុភូមិនិវត្តន៍មកវិញហើយ ក្រោយមានការសម្របសម្រួល ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ លោក កុយ គួង បានឲ្យដឹងថា និស្សិតទាំងនោះ បានធ្វើមាតុភូមិនិវត្តន៍វិញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក បន្ទាប់ពីមានការស្នើសុំធ្វើមាតុភូមិនិវត្តន៍របស់និស្សិតទាំងនោះ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ជួយសម្រួលដំណើរមាតុភូមិនិវត្តន៍និស្សិតខ្មែរ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យចំនួន១៦ នៅប្រទេសថៃ មកកម្ពុជាវិញប្រកបដោយសុវត្ថិភាព»