(ភ្នំពេញ)៖ សពស្ត្រីខ្មែរម្នាក់ ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅរាជធានីបាងកក ប្រទេសថៃ នឹងត្រូវបញ្ជូនមកមាតុប្រទេសវិញ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។ នេះបេីតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
លោក កុយ គួង បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «មន្ត្រីពីររូបនៃស្ថានទូតកម្ពុជា បានជូនដំណើរការដឹកសពមកកម្ពុជា ដែលអាចមកដល់ច្រកព្រំដែនប៉ោយប៉ែត វេលាម៉ោងជិត ៨យប់ (ថ្ងៃទី០៥ ខៃសីហានេះ)»។
សូមរំលឹកថា នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅកន្លែងល្បែងស៉ីសង ក្នុងរាជធានីបាងកក បានបណ្ដាលឲ្យស្ដ្រីខ្មែរម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិត។
បើតាមលោក កុយ គួង ដែលដកស្រង់សម្ដីរបស់អាជ្ញាធរថៃ បានអះអាងថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យមានអ្នករងរបួសចំនួន ២នាក់ និងស្លាប់ចំនួន៤នាក់ ដែលនៅក្នុងចំណោមអ្នកស្លាប់ មានពលរដ្ឋខ្មែរម្នាក់ ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕