(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានចុះពិនិត្យមើលទីតាំងដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដកំពង់ឆ្នាំង សហការជាមួយស្ថាប័នពាក់ព័ន្ធ ពន្លឿននីតិវិធីដើម្បីប្រគល់ដីជូនអតីតយុទ្ធជន ដែលខ្វះខាតដីពិតប្រាកដ នៅក្នុងខេត្តកំពង់ឆ្នាំង។
ដើម្បីពន្លឿនការគ្រប់គ្រង និងដោះស្រាយដី ដែលក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានផ្តល់ជូនកន្លងមក ទេសរដ្ឋមន្ដ្រី គន់ គីម បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមខេត្ត ត្រូវចាត់តាំងគណៈកម្មាការមួយ ដែលមានគ្រប់មន្ទីរពាក់ព័ន្ធជាសមាជិក ដឹកនាំដោយអភិបាលរងខេត្តម្នាក់ ចូលទៅគ្រប់គ្រងកំណត់ព្រំដី។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យធ្វើបច្ចុប្បន្នភាពដោះស្រាយបញ្ចប់បញ្ហា ដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះ នឹងឈានទៅឈូសផ្លូវចែកជាឡូតិ៍ ដើម្បីប្រគល់ជូនសមាជិកសមាគម ដែលអត់មានដី និងផ្ទះពិតប្រាកដ។
យោងតាមរបាយការណ៍របស់ លោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមាគមបានដោះស្រាយបើកប្រាក់ បេឡាមរណសង្គ្រោះជូនគ្រួសារសព អតីតយុទ្ធជនបានចំនួន៤២សព ស្មើនឹង១៦៨លានរៀល និងកសាងផ្ទះអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន២ផ្ទះ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក និងប្រគល់ផ្ទះ៩ខ្នង ដែលកសាងហើយជូនសមាជិកចូលរស់នៅផងដែរ។
បើតាមលោក ធន ធឿន គិតសរុបមកដល់ពេលនេះ អតីតយុទ្ធជននៅទូទាំងខេត្ត បានទទួលផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ចំនួន២៦៦ខ្នង ក្នុងនោះផ្ទះថ្ម៤៤ខ្នង។ ដោយឡែកអ្នកមានដីអត់ផ្ទះ និងមានផ្ទះមិនសមរម្យ ចំនួន៤៣គ្រួសារទៀត សមាគមត្រូវដោះស្រាយបន្ត ដែលក្រៅពីនោះ នៅមានអ្នកអត់ដី អត់ផ្ទះ១៥៣គ្រួសារទៀត ដែលសមាគមកំពុងរៀបចំដីសម្បទានសង្គមកិច្ច ដើម្បីដោះស្រាយជូនពួកគាត់៕