(ព្រះសីហនុ)៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាព របស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ បានលើកយកចំណុចសំខាន់ៗមួយចំនួនមកពិនិត្យ និងពិភាក្សា ដូចជាការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។

ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០)។

ការស្តាប់របាយការណ៍របស់៖
* គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
* គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
* គណៈកម្មាធិការលទ្ធកម្ម
* គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
* គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត
* គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ជាដើម។

លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ កត់សម្គាល់ឃើញថា សេវាសុរិយោដីមានភាពស្មុគស្មាញជាងគេ។ បញ្ហាស្មុគស្មាញនេះខ្លះ បានសន្សល់ពីមុនមក តែស្នើឲ្យមានការខិតខំដោះស្រាយបន្តទៀត។

លោកថា ឯកភាពគាំទ្រចំពោះការខិតខំរបស់មន្ត្រី ដើម្បីបម្រើប្រជាពលរដ្ឋ ស្នើឲ្យមានការរួមគ្នាយកចិត្តទុកដាក់ ឲ្យបានល្អថែមទៀត ក្នុងការបំពេញការងារ ដើម្បីឲ្យពលរដ្ឋមានការទុកចិត្ត និងមានភាពកក់ក្តៅ។

ទន្ទឹមនេះ លោក ជាម ហ៊ីម ផ្តល់អនុសាសន៍ចំពោះការចុះធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ នៅតាមមូលដ្ឋានត្រូវធ្វើឲ្យបានត្រឹមត្រូវ ដើម្បីធានាថា ការអនុវត្តកម្មវិធីផ្តល់ សាច់ប្រាក់ជូនប្រជាជនក្រីក្រ របស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ និងចំគោលដៅពិតប្រាកដ និងទទួលបានការគាំទ្រពីពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានបញ្ហាប្រឈមជាច្រើន ដែលខេត្តបាន និងកំពុងខិតខំ សម្របសម្រួលដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ និងទទួលបានបានលទ្ធផលជាបន្តបន្ទាប់។

សម្រាប់ខែនេះ រដ្ឋបាលខេត្ត បានអនុត្តការងារមួយចំនួនដូចជា៖

ទី១៖ ការផ្តល់សាច់ប្រាក់សម្រាប់ជនក្រីក្រ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ១៩។

ទី២៖ ការចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ តាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃប័ណ្ណក្រីក្រ ការគ្រោងចុះចែកអំណោយ ជូនពួកគាត់ក្នុងពេលឆាប់ៗ។

ទី៣៖ ការដោះស្រាយដី ជូនពលរដ្ឋរស់នៅលើចំណីអូរប្រឡាយ ដែលប៉ះពាល់គម្រោងស្តារអូរប្រឡាយ នៅក្នុងក្រុង ដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវទឹក បង្កជាជំនន់ទឹកភ្លៀង។

ទី៤៖ ការរៀបចំគម្រោងកែលម្អ ស្ពានចាស់ឆ្លងប្រឡាយចំនួន២កន្លែង នៅសង្កាត់លេខ៤។

លោក គួច ចំរើន បានបញ្ជាក់ថា លទ្ធផលនៃការស្តារប្រឡាយ បានលទ្ធផលជាង៧០% ហើយការងារនេះ មានការលំបាកដោយសារស្ថានភាព ភូមិសាស្ត្រស្មុគស្មាញ គ្រឿងចក្រលំបាកចេញចូល។ ការងារនេះ នៅតែបន្តរៀបចំស្តារអូរ និងដោះស្រាយផលប៉ះពាល់ផងដែរ។

ក្រៅពីនេះ លោក គួច ចំរើន បានរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ផងដែរ៕