(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋខ្មែរ-ឥស្លាម ប្រមាណជាង៣០ គ្រួសារ រស់នៅក្នុងភូមិចុងកោះ និងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានតវ៉ាសុំឲ្យអាជ្ញាធរក្រុងកំពង់ឆ្នាំង ផ្អាកការចាក់ដីលុបទួលផ្នូរបុរាណពីដូនតារបស់ពួកគាត់ជាបណ្តោះអាសន្ន ដោយរង់ចាំធ្វើការដោះស្រាយ និងសម្របសម្រួលគ្នាសិន។
ករណីនេះកើតឡើងដោយសារ កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារធ្វើផ្លូវ របស់សាលាក្រុងកំពង់ឆ្នាំង បានចាក់ដីលុបដីទួលផ្លូរបុរាណរបស់ពួកគាត់ ជិតអស់ទៅហើយ ដោយគ្មានដំណោះស្រាយច្បាស់លាស់កន្លងមក។
លោក ម៉ាត់ ម៉ាន អាយុជិត៨០ឆ្នាំទៅហើយនោះ និងជាសង្ក្រាជវិហារឥស្លាម ក្នុងភូមិចុងកោះ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ការចាក់ដីលុបផ្នូរបុរាណនេះ គ្មានអ្នកណាឲ្យគាត់ដឹងឡើយ និងកន្លងមកក៏គ្មានអ្នកណាហៅគាត់មកសាកសួរ ដើម្បីដោះស្រាយរឿងធ្វើផ្លូវ ដែលមានផលប៉ះពាល់ដីទួលផ្នូរបុរាណនេះដែរ។ ក្នុងនាមគាត់ជាសង្គ្រាជ តំណាងឲ្យសាសនិកខ្មែរ-ឥស្លាមនៅក្នុងភូមិនេះ លោកមិនបានដឹងអ្វីឡើយ ទើបតែថ្ងៃនេះពេលគាត់ដឹង គឺគេបានចាក់ដីលុបពីលើផ្នូរបុរាណនោះអស់ទៅហើយ។
ដោយឡែកលោក រ៉េម ឯល តំណាងប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដែលបានធ្វើការតវ៉ា បានឲ្យដឹងថា ដីផ្លូរបុរាណនេះមានតាំងពីឆ្នាំ១៩៥៨ ដែលមកដល់ ពេលនេះមានបញ្ជុះសពដូនតាអាចនឹងរហូតទៅដល់រាប់ពាន់សពជាន់ៗលើគ្នា នៅគ្រប់ជំនាន់ ប៉ុន្តែកាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ត្រូវបានក្រុមការងារធ្វើផ្លូវចាក់ដីលប់ផ្នូរជិតអស់ទៅហើយ ថែមទាំងលុបបាត់នៅផ្លាកព្រលឹង និងអត្តសញ្ញាណរបស់សពដូនតារបស់ពួកគាត់ថែមទៀតផង ដោយប្រជាពលរដ្ឋដែលមានដូនតាបញ្ជុះនៅទីនេះ មិនបានដឹងឡើយ។
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោក ទូច សារ៉េត (ហៅទុយ) មេភូមិចុងកោះវិញ បានឆ្លើយប្រាប់ក្រុមអ្នកយកព័ត៌មាន Fresh News ឱ្យដឹងដែរថា រឿងនេះលោកមិនបានដឹងទេ ព្រោះបានប្រគល់ការងារនេះ ជូនលោក សាន់ គ្រីយ៉ា អនុភូមិចុងកោះនេះ ជាអ្នកគ្រប់គ្រងខ្មែ-ឥស្លាមនៅក្នុងភូមិនេះ ជូនដំណឹងប្រជាពលរដ្ឋខ្មែរ-ឥស្លាមគ្នាគាត់ដែរ តែមិនដឹងជាគាត់បានជូនដំណឹងហើយ ឬក៏នៅឡើយនោះទេ។
ចំណែកលោក សាន់ គ្រីយ៉ា នៅពេលប្រជាពលរដ្ឋខ្មែរឥឥស្លាមផ្ទុះការតវ៉ានេះ មិនមានវត្តមាននៅទីនោះទេ ខណៈ Fresh News ក៏មិនទាន់អាចសុំការបំភ្លឺ ពីអនុភូមិចុងកោះបាននៅឡើយដែរ។
ទាក់ទងនឹងការតវ៉ានេះ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង ជាអ្នកចុះមកត្រួតពិនិត្យការធ្វើផ្លូវនេះ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មិនឃើញមានការតវ៉ាអ្វីឡើយ ហើយនៅព្រឹកថ្ងៃទី០៥ ខែសីហានេះ បើមានការតវ៉ាពីប្រជាពលរដ្ឋដូច្នេះ លោកនឹងឱ្យក្រុមការងារធ្វើផ្លូវគេចចេញពីដីទំនាស់នេះ ដើម្បីស្តាប់តាមសំណូមពររបស់ប្រជាពលរដ្ឋសិន ហើយលោកក៏បានរាយការណ៍ជូនលោកអភិបាលក្រុង និងលោកអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយពីបញ្ហាផលប៉ះពាល់ខាងលើនេះផងដែរ។
ក្រោយពីតំណាងប្រជាពលរដ្ឋខ្មែរ-ឥស្លាម ក្នុងភូមិទី៤ និងភូមិចុងកោះ បានប្រជុំពិភាក្សាគ្នាជាមួយលោកតាសង្ក្រាជវិហារឥស្លាមរួចមក លោក កូប ហ្វារី ភូឈួយទី១ (អនុសង្គ្រាជ) នៃវិហារឥស្លាម ភូមិចុងកោះ បានឲ្យដឹងថា ដំណោះស្រាយតាមសំណូមពរប្រជាពលរដ្ឋ ខ្មែរ-ឥស្លាមភាគច្រើន គឺសុំឲ្យអាជ្ញាធរខេត្ត ឆ្វៀលទុកដីទួលផ្នូរខ្មែរ-ឥស្លាមឲ្យនៅដដែល ហើយត្រូវចាក់ដីឲ្យខ្ពស់ផុតពីផ្លូវចំនួនកន្លះម៉ែត្រ។
បន្ទាប់មកប្រជាពលរដ្ឋខ្មែរ-ឥស្លាម នឹងរៃអង្គាសប្រាក់គ្នាដើម្បីធ្វើរបងថ្មពទ្ធ័ជុំវិញផ្នូរនេះ ហើយធ្វើជាសួនដាំផ្កាពីលើដីទួលផ្នូរនេះ ទុកធ្វើជាកន្លែងគោរពបូជា ដោយពួកគាត់សុំឲ្យធ្វើផ្លូវថ្នល់ចៀសពីដីទួលផ្នូរបុរាណមួយនេះ ដែលមានទំហំផ្នូរសពបុរាណ ទទឹង៧ម៉ែត្រ បណ្ដោយ៣៥ ម៉ែត្រ ដែលត្រូវប៉ះពាល់។
ការសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ-ឥស្លាមខាងលើនេះ ខាងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានប្រាប់តំណាងរបស់ពួកគាត់ថា អាជ្ញាធរក្រុងនឹងធ្វើរបាយការណ៍ដាក់ជូនទៅលោកអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច៕