(ភ្នំពេញ)៖ នាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិតជ័យលាភីដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ លោក ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិតដែលទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅជប៉ុន គឺជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា ក្នុងការរួមចំណែករុញច្រានសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និស្សិតជ័យលាភីអាហាររូបករណ៍ JDS និស្សិតជ័យលាភីអាហាររូបករណ៍ MEXT និងអតីតនិស្សិតអាហាររូបករណ៍សរុបចំនួន ១២១នាក់។
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវបទពិសោធន៍ពីប្រទេសជប៉ុន ដើម្បីមកអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែជឿនលឿនបន្តទៀត។
លោកបានផ្តល់អនុសាសន៍ឲ្យត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបាន ១២០% ដោយ ១០០% សិក្សានៅក្នុងថ្នាក់ និង ២០% ទៀត សិក្សាស្វែងយល់បន្ថែមទៀតពីបរិយាកាសនៅខាងក្រៅ ដោយត្រូវចេះបង្កើននូវទំនាក់ទំនង និងមិត្តភាពជាមួយបណ្តានិស្សិតដទៃទៀត និងឆ្លៀតឱកាសធ្វើជាអគ្គរាជទូតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាព្វនូវវប្បធម៌ ក៏ដូចជាអារ្យធម៌ ព្រមទាំងតំបន់ទេសចរដែលមានសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា។
តំណាងនិសិ្សតជ័យលាភីអាហាររូបករណ៍ JDS និងតំណាងនិស្សិតជ័យលាភីអាហាររូបករណ៍ MEXT បានប្តេជ្ញាចិត្តថានឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីប្រទេសជប៉ុនមកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដែលកំពុងតែមានការអភិវឌ្ឍន៍ស្រាប់ ក្រោមមាគ៌ាដឹកនាំ និងម្លប់សន្តិភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសពីបាតដៃទទេរហូតស្មើមុខ ស្មើសិទ្ធិ ទាំងក្នុងតំបន់ និងក្នុងសាកលលោក។
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍កម្មវិធី JDS បានចាប់ផ្តើមផ្តល់ដោយរដ្ឋាភិបាលជប៉ុននៅឆ្នាំ២០០០ សរុប ៤១៦នាក់ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន ២នាក់ រៀងរាល់ឆ្នាំ។ ចំពោះនិស្សិតដែលកំពុងបន្តការរស់នៅប្រទេសជប៉ុនមានចំនួន ៨៥៧នាក់ ក្នុងនោះអាហារូបករណ៍របស់ក្រសួងអប់រំ (MEXT) បានចាប់ផ្តើមផ្តល់ដោយរដ្ឋាភិបាលជប៉ុននៅឆ្នាំ១៩៩៣ សរុបជាង ១,១០០នាក់ មានចាប់ពីកម្រិតកម្មករជំនាញរហូតដល់ថ្នាក់បណ្ឌិត។
ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន និសិ្សតកម្ពុជាដែលបានចេញទៅសិក្សានៅប្រទេសជប៉ុនមានចំនួនច្រើនពាន់នាក់ បើរាប់បញ្ចូលទាំងវគ្គខ្លីៗមួយចំនួនផងនោះ។ រីឯនិស្សិតដែលបានត្រឡប់មកក្នុងប្រទេសវិញ កំពុងបម្រើងការងារក្នុងស្ថាប័នស្រាវជ្រាវ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដែលធនធានទាំងនេះបានជួយអភិវឌ្ឍប្រទេស កសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ៕