(ភ្នំពេញ)៖ សម្តេចសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។
ក្នុងព្រះរាជសារជូនពរនេះ សម្តេចសង្ឃ នន្ទ ង៉ែត បានគូសរំលេចថា ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលប្រកបដោយវីរភាពដ៏អង់អាច ឈ្លាសវៃ និងប៉ិនប្រសប់ សម្ដេចតេជោតែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈទេពកោសល្យ គតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា ដោយបាននាំមកនូវសុខសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម ជាពិសេសការពារយ៉ាងរឹងមាំ នូវអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិដោយស្មើមុខស្មើមាត់លើ ឆាកអន្តរជាតិ។
ព្រះអង្គបានគូសរំលេចទៀតថា សម្ដេចតេជោ តែងយកចិត្តទុកដាក់ និងគិតគូរជាប់ជាប្រចាំដល់សុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មករ-កម្មការិនី ជាពិសេសព្រះសង្ឃតាមគ្រប់វត្តអារាម ដោយបានដាក់ចេញនូវគោលនយោបាយអាទិភាពនានា ក្នុងគោលដៅលើកកម្ពស់កិច្ចគាំពារសង្គម កាន់តែប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចសង្ឃ នន្ទ ង៉ែត ក៏ដូចជាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរសព្ទសាធុការ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសម ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕