(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
ក្នុងសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន, សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង បានគូសរំលេចថា ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលប្រកបដោយវីរភាពដ៏អង់អាចឈ្លាសវៃនិងប៉ិនប្រសប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈទេពកោសល្យ គតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា ដោយបាននាំមកនូវសុខសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម ជាពិសេសការពារយ៉ាងរឹងមាំ នូវអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិ ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ក៏បានលើកឡើងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ និងគិតគូរជាប់ជាប្រចាំដល់ សុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មករ-កម្មការិនី ជាពិសេសព្រះសង្ឃតាមគ្រប់វត្តអារាម ដោយបានដាក់ចេញនូវគោលនយោបាយអាទិភាពនានា ក្នុង គោលដៅលើកកម្ពស់កិច្ចគាំពារសង្គម កាន់តែប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
តំណាងឱ្យថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សូមប្រសិទ្ធពរសព្ទសាធុការ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕