(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងពលតូចលេខ៧០ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរនាវីឯក អ៉ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) អនុព័ន្ធយោធាសហព័ន្ធរុស្សី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងនូវការស្វាគមន៍ ចំពោះបេសកកម្មការទូតរបស់ លោកវរនាវីឯក អ៉ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) នៅកម្ពុជា សង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត។
ក្នុងជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាលនេះ គឺធ្វើឡើងដើម្បីទំនាក់ទំនងល្អ នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី និយាយជារួម គឺបង្កើនចំណងសាមគ្គីភាពជាមួយ កងពលតូចលេខ៧០។
ជាកិច្ចឆ្លើយតប លោកវរនាវីឯក អ៉ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) បានអំណរគុណចំពោះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងពល ដែលបានអនុញ្ញាតិឲ្យរូបលោក ចូលជួបពិភាក្សាការងារនាឱកាសនេះ។
លោកវរនាវីឯក អ៉ីវ៉ាន់ ស្ទេដឈេនកូ ក៏បានកោតសរសើរ ចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជំលោះរ៉ាំរ៉ៃកន្លងមក តាមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយនេះជាផ្នែកមួយដ៏សំខាន់ ដែលរុស្ស៉ីត្រូវសិក្សា៕