(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងបុរី ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ម្ចាស់បុរីទាំងអស់ ត្រូវតែពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចឲ្យបានល្អ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានរបស់ខ្លួន។
លោក ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះ មានភាពស្មុគស្មាញការកើតឡើងនូវបទល្មើសនានាមួយចំនួន ដែលទាមទារឲ្យភាគីទំាង២ មានកិច្ចសហការជាមួយគ្នាទ្វេរដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី។
តាមការវាយតម្លៃ ក្នុងកិច្ចកិច្ចពិភាក្សាក៏បានណែនាំដល់ម្ចាស់បុរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត លើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាមេរ៉ាសុវត្ថិភាព ត្រូវមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានស្នើឲ្យម្ចាស់បុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវមានឡានពន្លត់អគ្គីភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានី នឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ការអនុគ្រោះពន្ធនាំចូលនូវឡានអគ្គីភ័យទាំងនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យនៅក្នុងបុរី។ លោកថា កន្លងមកឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ គឺបុរី ប៉េង ហួត និងនៅកោះពេជ្រ តែងបានចេញឡានទឹកមកជួយអន្តរាគមន៍នៅខាងក្រៅ ពេលមានអគ្គីភ័យកើតឡើងម្តងៗ។
បន្ថេមពីនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងបុរី និងដើម្បីរកចំណូលឲ្យខាងបុរីផងដែរ។ ចំណុចនេះ លោកក៏បានស្នើឲ្យម្ចាស់បុរីដែលមិនមានច្បាប់សន្តិសុខឯកជន ត្រូវទៅបំពេញច្បាប់ ហើយបុរីក៏ត្រូវមានសណ្តាប់ធ្នាប់ រៀបចំប្រព័ន្ធចរាចរណ៍ឲ្យបានល្អ ជៀសវាងបង្កគ្រោះថ្នាក់ចរាចរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានឲ្យដឹងថា នៅភ្នំពេញ មានភា្នក់ងារសន្តិសុខឯកជន
ចំនួន១២,០៦៨នាក់ ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន កំពុងដំណើរការមានចំនួន១៩១ក្រុមហ៊ុន មានភ្នាក់ងារសន្តិសុខឯកជនចំនួន ៦,៣៨៨នាក់ ស្មើនឹង១,៤៣៦គោលដៅ។ ដោយឡែក សហគ្រាសគ្រឹះស្ថាន៨៨២គ្រឹះស្ថាន មានភ្នាក់ងារសន្តិសុខឯកជន ចំនួន៥,៦៨០នាក់ ស្មើនឹង៨៨២គោលដៅ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារសន្តិសុខឯកជននេះ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលទាំងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់គាំទ្រ គាំពារនូវវិស័យសន្តិសុខឯកជន ជាពិសេសភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់កម្លាំងនគរបាលជាតិ ក្នុងការរួមចំណែកថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនសង្គមជាតិ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា ចំពោះការងារប្រតិបត្តិការ ក្រុមការងារទទួលបានទិន្នន័យបុរី នៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែង បានត្រឹមតែ១២៥បុរីតែប៉ុណ្ណោះ ដោយបុរីមួយចំនួន បានបោះបង់ និងមួយចំនួនទៀត កំពុងសាងសង់មិនបានប្រើប្រាស់ភ្នាក់ងារឯកជន ហើយក្នុងចំនួន១២៥បុរីនេះ មានចំនួនខ្នងផ្ទះចំនួន៧០,១៦២ខ្នង លើផ្ទៃដី៣,៧៩១ហិកតា និងមានភ្នាក់ងារសន្តិសុខឯកជន ចំនួន១,១៨២នាក់៕