(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវដល់កងទ័ព ជាពិសេសកងទ័ព ដែលឈរជើងនៅតាមបណ្តោយព្រំដែន តំបន់ដាច់ស្រយាល ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព ឱ្យបានល្អ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់។
តាមរយៈបណ្តាញសង្គម Facebook សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ព បង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព ឱ្យបានល្អ និងការពារ កុំឱ្យឆ្លងជំងឺផ្សេងៗ ក្នុងរដូវវស្សានេះ ជាពិសេសបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ដោយហេតុថា មួយរយ:ចុងក្រោយនេះមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ច្រើនលើកច្រើនសារ»។
តាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់មួយចំនួន ដោយសារតែ កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
- សីតុណ្ហភាពអប្បបរមា មានពី២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី៣០-៣២°C ។
ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។
២៖ បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បបរមា មានពី២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី៣០-៣២°C។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។
ដោយឡែកនៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង។
ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន៕