(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានធ្វើជាអធិបតីភាពកិច្ចប្រជុំលើកទី១ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព ដែលរៀបចំឡើងគោលបំណងពិភាក្សាអំពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស។
គណៈកម្មការអភិវឌ្ឍន៍សមត្ថភាពត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់យោបល់និងជួយការងារបច្ចេកទេសទាក់ទងនឹងការអភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត។
បច្ចុប្បន្ន គណៈកម្មការអភិវឌ្ឍន៍សមត្ថភាពមានចំនួន ១១រូប មានប្រធានមួយរូបគឺលោកស្រី មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងអនុប្រធានពីររូបគឺលោកស្រី ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ឯម ដេត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជានីតិបុគ្គលតំណាងឲ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី-ខេត្ត។
បច្ចប្បន្ន សមាជិកក្រុមប្រឹក្សារាជធានី ខេត្តមានចំនួនសរុប ៥៥៩ រូប (ស្រ្តី ៩៥ រូប) មកពី ៣ គណបក្សនយោបាយ៕