(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ប្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវតែការពារឲ្យបាន ដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩ នៃរលកទី២ ដោយផ្តើមចេញពីការ ធ្វើអនាម័យជាប្រចាំ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ម៉ែន វិបុល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយយុទ្ធវិធីថ្មើរជើងបច្ចេកទេស អប់រំចិត្តសាស្រ្ត និងក្បាច់គុន ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅតំបន់សឹករងស្វាយរៀងផងដែរ។
លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អប្រសើរ ជាពិសេសនៅក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩។
លោកបានថ្លែងបញ្ជាក់ថា ចំពោះវគ្គហ្វឹកហ្វឺនដែលរៀបចំនៅថ្ងៃនេះ ជាលើកទី៣ ហើយដែលកាលពីលើកទី១ គឺបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប ក្បាច់គុន អប់រំចិត្តសាស្ត្រ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ វគ្គហ្វឹកហ្វឺនជំនាញការពារព្រំដែន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងលើកទី៣ធ្វើឡើងនៅថ្ងៃនេះ។
លោកបានបញ្ជាក់ថា ក្នុងនាមជាកងទ័ពចាំបាច់ណាស់ ត្រូវតែមានជំនាញច្បាស់លាស់លើគ្រប់ផ្នែក ទាំងផ្នែកយុទ្ធវិធី អប់រំចិត្តសាស្ត្រ ក្បាច់គុន របៀបប្រើប្រាស់ អាវុធទាំងធុនធ្ងន់ និងធុនស្រាល បើកបរយានយន្ត ឬគ្រឿងចក្រយោធា (រថក្រោះ ឬរថពាសដែក) និងការប្រើប្រាស់ផែនទីជាដើម។ ហើយចំណេះជំនាញទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងទេ គឺកើតចេញពីការហ្វឹកហាត់ ហ្វឹកហ្វឺនបំប៉ន និងរំលឹកអនុវត្តជាប្រចាំ។
លោកថា ដូចដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកតែងតែមានប្រសាសន៍លើកឡើងជារឿយៗថា ស៊ូបង្ហូរញើសនៅលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាម និងបាត់បង់ជីវិតនៅទីលានប្រយុទ្ធ។
ជាមួយគ្នានោះ លោក ម៉ែន វិបុល ក៏បានថ្លែងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដូចខាងក្រោម៖
* ១៖ ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។
* ២៖ ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។ លើមូលដ្ឋាននេះ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្ត និងធ្វើឲ្យបានសម្រេចជោគជ័យនូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលប្រគល់ជូន ។
* ៣៖ ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស។
* ៤៖ ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
* ៥៖ ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានយើងទាំងអស់ ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ។
* ៦៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាព យោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ព្រមទាំងត្រូវខិតខំកសាងជំរុំជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ និងសូមឲ្យកងកម្លាំងរបស់យើង បន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ រស់នៅស្អាត ហូបស្អាត លាងសម្អាតដៃ និងពាក់ម៉ាស់ឲ្យបានជាប្រចាំ ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសវគ្គហ្វឹកហ្វឺនរបស់យើងត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល (វាស់កម្ដៅ ពាក់ម៉ាស់ មានជែល ឬទឹកអាល់កុលសម្រាប់លាងដៃ និងរក្សាគម្លាតសង្គម) ។