(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រី រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋពីបញ្ហាផ្លូវ ស្ពាន ដែលពិបាកធ្វើដំណើរ នៅឃុំត្រពាំងព្រីង និងឃុំត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពត ជាវ តាយ បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ទ ធ្វើយ៉ាងណា ដោះស្រាយ និងឆ្លើយតបជាបន្ទាន់ នៅពេលទទួលបានសំណូមពរ ផ្សេងៗ។ ពិសេសបញ្ហាទាក់ទិន ផ្លូវ និងស្ពាន ដែលពិបាកការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ជុំវិញការប្រកបមុខរបររកស៊ីទទួលទាន ឬធ្វើដំណើរទៅមកប្រចាំថ្ងៃ ក្នុងរដូវវស្សាដែលភ្លៀង ធ្លាក់មកដល់នេះ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចតេជោ តែងតែក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឲ្យមានការយកចិត្តទុក ដាក់រួមសុខរួមទុក្ខ ដោះស្រាយរាល់បញ្ហា សំណូមពរ ក្តីកង្វល់ ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ជាងនេះទៅទៀត ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្លល់ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាការងារអាទិភាពមួយ ហើយជានិច្ចកាលសម្តេចតែងតែបានលើកឡើងថា «មានផ្លូវគឺមានសង្ឃឹម»។
ដោយឡែក សម្រាប់ខេត្តកំពត ក៏ដូចគ្នាដែរ រាល់បញ្ហានិងសំណូមពរអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ត្រូវតែប្រញាប់ដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋជាបន្ទាន់ ពិសេសបញ្ហាទាក់ទងផ្លូវថ្នល់ និងស្ពាន សម្រាប់ធ្វើដំណើរទៅមកប្រចាំថ្ងៃ។
លោកអភិបាលខេត្ត ក៏បានលើកឡើងថា រាល់ការដោះស្រាយបញ្ហាផ្សេងៗ មិនមានបញ្ហាអ្វីជាឧបសគ្គ ដែលដោះស្រាយមិនបាននោះឡើយ ឱ្យតែមានឆន្ទៈ និងកិច្ចសហការ សាមគ្គីគ្នាល្អ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះការដោះស្រាយបញ្ហាទាំងឡាយណាដែលកើតនៅក្នុងមូលដ្ឋាននីមួយៗ គឺត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម គឺដំណោះស្រាយ ត្រូវតែអាចកើតចេញបានជាលទ្ធផលពុំខានឡើយ។
ក្នុងសកម្មភាពដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះរកដំណោះស្រាយ និងសួរសុខទុក្ខប្រជាពលរដ្ឋខាងលើនោះ លោកអភិបាលខេត្ត ជាវ តាយ បានដោះស្រាយ និងឆ្លើយតបសំណូមពរពលរដ្ឋ ទាំងពីរឃុំខាងលើ៤ចំណុចរួមមាន៖
*ទី១៖ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវដាក់លូដោះបង្ហូទឹក ដើម្បីឲ្យប្រជាពលរដ្ឋ អាចឆ្លងកាត់បាន ជាបណ្ដោះអាសន្នសិន ខណៈដែលស្ពាន នៅលើផ្លូវលេខ១៣៩ ដែលកំពុងសាងសង់ នៅមុខសាលាឃុំត្រពាំងព្រីង មានសភាពក្នុងការពិបាកធ្វើដំណើរ។
*ទី២៖ អាជ្ញាធរឃុំ ត្រូវជម្រុញការសាងសង់ផ្លូវ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ឲ្យបានឆាប់រហ័ស ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ។
*ទី៣៖ បានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីពង្រីកការសាងសង់ផ្លូវបេតុង ប្រវែងជិត៣០០ម៉ែត្រ ទទឹង២ម៉ែត្រ ចូលផ្ទះពលរដ្ឋប្រមាណចំនួន២០គ្រួសារ តាមការស្នើសុំ របស់ប្រជាពលរដ្ឋ។
*ទី៤៖ ដោះស្រាយឆ្លើយតបតាមសំណើ របស់ប្រជាពលរដ្ឋ ដើម្បីពង្រីក និងចាក់គ្រួសក្រហម លើផ្លូវចូលផ្ទះរបស់ពួកគាត់ក្រោមការឧបត្ថម្ភថវិកា របស់លោកអភិបាលខេត្តកំពតផ្ទាល់៕