(ព្រៃវែង)៖ ប្រជាពលរដ្ឋជាង៣០០នាក់ រស់នៅក្នុងភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានផ្ដិតមេដៃសុំបទអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសារមានមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃម្នាក់តំណាងឲ្យក្រុមហ៊ុនមួយ បានប្រមូលទិញដីបឹងបាយសីជាង៣០០ហិកតា និងដីត្រពាំងត្រីក្រាញ់ជាង១០ហិកតា នៅក្រោយភូមិកំពង់ប្រាំង ភូមិព្រែកតារ័ត្ន និងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង មកធ្វើជាកម្មសិទ្ធិដោយក្រុមហ៊នលើកទំនប់បិទប្រព័ន្ធទឹកដែលបណ្ដាលឲ្យលិចដី ស្រែរបស់ពួកគាត់រាប់សិបហិកតា កំពុងអាស្រ័យផល។
ប្រជាពលរដ្ឋរស់នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ជាដីសាធារណៈរបស់រដ្ឋមានទំហំ ជាង ៣០០ហិកតា ក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ដីបឹងទាំងនេះប្រជាពលរដ្ឋចំនួន៣ឃុំ តែងតែអាស្រ័យផលរាល់ឆ្នាំ គឺឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ស្រុកពារាំង និងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នដីបឹងទាំង២នេះ ត្រូវបានក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ ជីកស្រះទុក និងលើកទំនប់ខ្វែងខ្វាត់ យកធ្វើជាកម្មសិទ្ធិឯកជន ក្រោមហេតុផលថា ក្រុមហ៊ុនបានប្រមូលទិញពីពលរដ្ឋអ្នកអាស្រ័យផល ក្នុងតម្លៃទាបចាប់ពី ៨,០០០ដុល្លារ ទៅ១១,០០០ដុល្លារក្នុង១ហិកតា។
ពលរដ្ឋថា រាល់ការទិញលក់ទាំងនោះ គឺមានការបញ្ជាក់ និងឯកភាពទទួលស្គាល់ចុះហត្ថលេខាដឹងឮពីអាជ្ញាធរមូលដ្ឋានទៀតផង។ ការនេះបណ្ដាលឱ្យដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ បានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។
បើតាមប្រជាពលរដ្ឋ ពួកគាត់ខ្លះទទួលលុយគ្រប់ ក៏ក្រុមហ៊ុនលើកទំនប់ព័ទ្ធយកដីពួកគាត់ដែរ ហើយពលរដ្ឋខ្លះថាលែងមានបឹងសម្រាប់នេសាទទៀតហើយ ខ្លះថាលែងមានមេទឹកសម្រាប់ស្រោចស្រព ហើយ ឯខ្លះទៀតថា លែងមានប្រព័ន្ធទឹកដូចមុនៗទៀតហើយ ដោយសារ ក្រុមហ៊ុនអាងអំណាចមកកាយផ្ដាច់ផ្លូវពួកគាត់ទាំងបំពាន។
ជាងនេះទៅទៀតដីប្រព័ន្ធបាតអូរក្នុងបឹងបាយសី និងដីបឹងថ្លុកត្រីក្រាញ់ សម្រាប់ស្រោចស្រពកសិកម្មបង្ហូរទឹកជាង ១០ហិកតា ដែលពលរដ្ឋអ្នកអាស្រ័យផលពុំបានលក់ទៅឲ្យ ក្រុមហ៊ុនក៏ក្រុមហ៊ុនព័ទ្ធយកទាំងអស់ដែរ។
លោក មិន ឆាង អាយុ៦០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង តំណាងឱ្យពលរដ្ឋនៅឃុំកំពង់ប្រាំង បានដាក់ពាក្យបណ្ដឹងអមដោយស្នាមមេដៃពលរដ្ឋនៅឃុំកំពង់ប្រាំង ចំនួន៣២៧នាក់ ចូលទៅសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដោយបានប្ដឹងឈ្មោះ ស៊ុម សុខមាន ហៅថេត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ប្រជាពលរដ្ឋថា បុគ្គលរូបនេះជាមន្ត្រីនគរបាលថ្នាក់វរសេនីយ៍ទោ បម្រើកាងារនៅក្រសួងមហាផ្ទៃ តំណាងឱ្យក្រុមហ៊ុនដីធ្លី ដែលបានប្រមូលទិញដីបាតអាងមេទឹកបឹងបាយសី) ជាង៣០០ហិកតា និងដីបឹងថ្លុកត្រីក្រាញ់ជាង១០ហិកតាធ្វើជាកម្មសិទ្ធិក្រុមហ៊ុន។
ក្នុងបណ្ដឹងនោះលោក មិន ឆាង បានស្នើសូមឲ្យសម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌ ដល់ប្រជាពលរដ្ឋអ្នកអាស្រ័យផល។ ពាក់ព័ន្ធទៅនឹងករណីនេះលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានប្រាប់ភ្នាក់ងារ Fresh News ថា លោកបានដឹងរឿងនេះដែរ ដោយបានបញ្ជាក់ពីលោកមេឃុំថា ដីបឹងបាយសី មានតែឈ្មោះពីដើមមកដោយមានប្រជាពលរដ្ឋអាស្រ័យផល អ្នកខ្លះតាំងពីឆ្នាំ ១៩៧៩ ចំណែកដីបឹងថ្លុកត្រីក្រាញ់ ឥឡូវមិនមែនជាដីបឹងទេ គឺជាដីពលរដ្ឋ និងពលរដ្ឋអាស្រ័យផលដែរ ហើយបើចង់ច្បាស់សួរទៅលោកមេឃុំកំពង់ពពិល និងមេឃុំកំពង់ប្រាំងទៅ ទើបដឹងរឿងច្រើនព្រោះលោកមកកាន់តំណែងជាអភិបាលស្រុកទើបតែបានប៉ុន្មានឆ្នាំនេះទេ។
លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្តព្រៃវែង បានឲ្យដឹងថា លោកមិនទាន់បានដឹងរឿងរាល់ការទិញលក់ដីបឹងបាយសី និងដីបឹងថ្លុកត្រីក្រាញ់ទេ ដោយលោកបានសួរទៅមន្ត្រីភូមិបាលស្រុក ក៏មិនទាន់ដឹងដែរ លោកថា ទាល់តែដីពាក់ព័ន្ធនឹងការចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិដីធ្លីបានលោកដឹង។
លោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បានឲ្យដឹងថា ដីបឹងទាំងនោះ ត្រូវបានគេលក់ទិញមានលិខិតស្នាមត្រឹមត្រូវដោយមានមន្ត្រីជំនាញធនធានទឹក សុរិយោដី ចុះពិនិត្យ ហើយបានបង់ពន្ធផ្ទេរកម្ម សិទ្ធស្របច្បាប់។ រហូតមកដល់ពេលនេះមានពលរដ្ឋជិត១០០គ្រួសារ ហើយដែលបានលក់ដីទៅឲ្យក្រុមហ៊ុន បានបង់ពន្ធត្រឹមត្រូវបានចំនួន ៩៤ហិកតា។
លោកបានបន្តថា ក្រុមហ៊ុនទិញដីនេះសម្រាប់ធ្វើកសិកម្មស្រូវ ចំពោះប្រជាពលរដ្ឋដែលតវ៉ារឿងផ្លូវទឹកនេះ គឺក្រុមហ៊ុនគេបានកាយផ្លូវទុកហើយតាំងពីមុនចូលឆ្នាំមកម្ល៉េះដោយគ្រាន់តែលើកជាភ្លឺ ទុកផ្លូវទឹកឲ្យនិងបានដាក់លូឱ្យទៀតផង៕