(ភ្នំពេញ)៖ សិក្ខាសាលាអនឡាញ (Online Workshop) រយៈពេល៣ថ្ងៃ នៃគម្រោង National Multiplication Trainings (NMT)-Cambodia 2019-2020 បានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងសប្តាហ៍នេះ។
គម្រោងនេះក្រោមជំនួយឧបត្ថម្ភរបស់ DIES ប្រទេសអាល្លឺម៉ង់ វិទ្យាស្ថាន CamEd សហការជាមួយ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានទទួលហិរញ្ញប្រទាន និងជំនួយបច្ចេកទេសដើម្បីរៀបចំគម្រោង វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ព្រឹទ្ធបុរសមហាវិទ្យាល័យ៖ តួនាទី-បញ្ហាប្រឈម និងដំណោះស្រាយ» (Academic Deans: Roles, Challenges and Solutions)។
គម្រោងនេះមានពីរដំណាក់កាលធំៗគឺ សិក្ខាសាលាទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន CamEd។ រីឯសិក្ខាសាលាទី២ (អនឡាញ) បានប្រព្រឹត្តទៅនៅ PPIU កាលពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។
តាមរយៈសិក្ខាសាលាទាំងពីរនេះ សិក្ខាកាមទទួលបានចំណេះដឹងសំខាន់ៗរួមមាន៖
១៖ ភាពជាអ្នកដឹកនាំក្នុងតួនាទីពហុវិស័យរបស់ព្រឹទ្ធបុរសមហាវិទ្យាល័យ និងក្នុងនាមជាមន្រ្តីនៃស្ថាប័នអប់រំឧត្តមសិក្សា។
២៖ ការរៀបចំ ការគ្រប់គ្រង និងការវាយតម្លៃគម្រោងនានា ។
ក្នុងពិធីបើកសិក្ខាសាលាអនឡាញ លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើគោលការសិក្សាពេញមួយជីវិត The 3 Ls principle, Life Long Learning principle។
ជាងនេះទៅទៀត លោកស្រីបានមានប្រសាសន៍ផ្តាំផ្ញើសិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់បន្តបង្កើនចំណេះដឹងនិងត្រៀមខ្លួនជានិច្ច ចំពោះរាល់ការប្រែប្រួល (be ready to change) ដែលអាចកើតមានឡើងយ៉ាងឆាប់រហ័ស។
ជាក់ស្តែងដូចជាការរាតត្បាតនៃជំងឺ Covid-19 ដែលតម្រូវឱ្យគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ចាប់យកការបង្រៀននិងរៀនមកតាមប្រពន្ធ័អនឡាញ កន្លងមកនេះ។ ទាំងអស់នេះជាឧទាហរណ៍ជាក់ស្តែងដែលតម្រូវឱ្យមានការបន្ត update and upgrade បុគ្គលភាពជាប្រចាំ។
អ្វីដែលសំខាន់ទៀតនោះ គឺគំរូនៃកិច្ចសហប្រតិបត្តិការដែលមានរូបភាពដូចក្នុងគម្រោង NMT-Cambodia 2019-2020 នេះ។ លោកស្រីបានអំពាវនាវ សូមឱ្យមានស្មារតីនៃកិច្ចសហប្រតិបត្តិការបែបនេះ កើតមានបន្តទៀតនៅក្នុងវិស័យអប់រំ ពីព្រោះជាការនាំឱ្យមានការប្រមូលផ្តុំធនធានមនុស្សសំខាន់ៗនិងសន្សំធនធានថវិកា ក៏ដូចជាការទទួលបានជោគជ័យក្នុងគម្រោងឧបត្ថម្ភនានាផងដែរ។
លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថាន CamEd Business School បានចែករំលែកបទពិសោធន៍ល្អៗជាច្រើន ជូនដល់សិក្ខាកាមសម្រាប់ជាការពិចារណា និងយកជាគំរូក្នុងនាមលោកជាបុគ្គលមួយរូបដែលបានដើរលើវិថីនៃភាពជាអ្នកដឹកនាំស្ថាប័នអប់រំឧត្តមសិក្សាអស់រយៈពេលជាច្រើនទសវត្ស។
គោលការណ៍មួយក្នុងចំណោមគោលការណ៍សំខាន់ៗជាច្រើនទៀតនោះគឺ «តម្លាភាព»។ អ្នកដឹកនាំត្រូវបង្កើត«វប្បធម៌តម្លាភាព»នៅក្នុងស្ថាប័ន៕