(ភ្នំពេញ)៖ តាមការគ្រោងទុកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ស្អែកនេះ គឺជាថ្ងៃកំណត់ដែលប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហគមន៍អឺរ៉ុប (EU) ផ្តល់ឲ្យកម្ពុជា នឹងចូលជាធរមាន។

ការចូលជាធរមាននេះមានរយៈពេល៦ខែ បន្ទាប់ EU ចេញសេចក្តីសម្រេចរបស់ខ្លួន កាត់ផ្នែកខ្លះប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ តាមការវាយតម្លៃរបស់រាជរដ្ឋាភិបាល ការកាត់ចេញផ្នែកខ្លះប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មានទឹកប្រាក់ប្រមាណ១០០លានដុល្លារ។

ឆ្លើយតបនឹងការសម្រេចកាត់ចេញផ្នែកខ្លះប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការនោះ បានរៀបចំគោលនយោបាយយុទ្ធសាស្ត្រសម្រាប់ទប់ទល់ ដោយត្រៀមថវិការាប់រយលានដុល្លារ ចាប់តាំងពីដើមឆ្នាំ២០១៩ ពេលមិនទាន់កើនមានជំងឺកូវីដ១៩មកម្ល៉េះ។ ហើយបើគិតទាំង EBA និងកូវីដ១៩ រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិការហូតដល់ជាង១ពាន់លានដុល្លារ ដើម្បីទប់ទល់ចំពោះវិបត្តិ ដែលអាចកើតមានឡើង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា «ពាក់ព័ន្ធនឹង EBA នេះ ក្រសួងសេដ្ឋកិច្ច បានត្រៀមថវិកាតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ មុនពេលមានកូវីដ១៩ទៅទៀត យុទ្ធសាស្ត្រទាំងអស់ដែលបានរៀបចំមុនពេលកូវីដយើងនៅប្រើ ហើយបូកថែមនឹងកូវីដ១៩ទៀត [...] សំខាន់បំផុតក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺយើងត្រៀមថវិការាប់លាន ដើម្បីទប់ទល់នឹង EBA ប៉ុន្តែបើសិនយើងគិតទាំង EBA និងកូវីដ១៩ មានថវិកា១,១៦៤លានដុល្លារ»

លោក មាស សុខសេនសាន បានបញ្ជាក់ថា ការដកចេញផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA នេះ មិនមែនជាការបាត់បង់ទីផ្សារនៅអឺរ៉ុបនោះទេ។ អឺរ៉ុបនៅតែជាទីផ្សារបស់កម្ពុជា គ្រាន់តែមុខទំនិញមួយចំនួន ដែលពីមុនធ្លាប់តែអនុគ្រោះពន្ធ មកជាបង់ពន្ធវិញប៉ុណ្ណោះ។

លោកថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះគ្រាន់តែជាការដំឡើងពន្ធ ក្នុងរង្វង់ប្រហែល២០ភាគរយនៃផលិតផល ដែលកម្ពុជានាំចេញទៅអឺរ៉ុប ដែលការដំឡើងពន្ធនេះ មានបច្ច័យដល់រោងចក្រខ្លះបង្វែរសង្វាក់ផលិតកម្ម ទៅកន្លែងដែលមិនជាប់ពន្ធ និងរោងចក្រខ្លះទៀត នៅតែអាចដំណើរការនាំចេញបាន។

សូមជម្រាបថា ជារឿយៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងការអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនោះទេ ហើយយូរ និងឆាប់ EBA គង់នឹងបាត់។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោមហេតុផល កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលំអរនូវចំណុចទាំងអស់នេះ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤0មុខរបស់កម្ពុជា៕