(បន្ទាយមានជ័យ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋ ត្រូវបញ្ឈប់សកម្មភាព ធ្វើការចំណាកស្រុកឆ្លងដែនទៅប្រទេសជិតខាង ដោយប្រថុយប្រថាន និងខុសច្បាប់ដែលអាចនឹងប្រឈមគ្រោះថ្នាក់បានគ្រប់ពេលវេលាក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩។
ការអំពាវនាវបែបនេះរបស់លោកស្រី ជូ ប៊ុនអេង បានធ្វើឡើងក្នុងឱកាសដែលលោកស្រី និងក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋជាពលករស្ត្រីជាង ១០០នាក់ ដែលត្រឡប់ពីប្រទេសថៃ ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នៅភូមិចំការត្រដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរកការងារធ្វើក្នុងស្រុក និងបង្កបង្កើនផលដាំដំណាំកសិកម្ម សម្រាប់តម្រូវការទីផ្សារក្នុងស្រុក ដើម្បីផ្គត់ផ្គង់ ជីវិភាពគ្រួសារ ជាការកាត់បន្ថយជួបការលំបាកក្នុងវិបត្តិរាតត្បាតកូវីដ-១៩ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់បន្លែផ្លែឈើប្រទេសជិតខាង ជាការលើកកម្ពស់ជីវិភាពគ្រួសារ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងថា ប្រជាពលរដ្ឋជាពលករស្ត្រីដែលត្រឡប់ពីប្រទេសថៃ ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ចំនួន១០០នាក់ នៅក្នុងស្រុកមង្គលបូរី ត្រូវទទួលអំណោយលោកស្រី ជូ ប៊ុនអេង ដើម្បីសម្រាលការលំបាកបានមួយគ្រាផងដែរ។
លោកបានបញ្ជាក់ថា ស្រុកមង្គលបូរី សម្រាប់គ្រួសារក្រីក្រក្នុងជុំទី១ ជុំទី២ មានចំនួន៤,៧៨៣គ្រួសារ ក្នុងនោះមានគ្រួសារក្រ១ មានចំនួន១,៧៥២គ្រួសារ ក្រ២ មានចំនួន៣,០៣១គ្រួសារ។ ប្រជាពលរដ្ឋងាយរងគ្រោះដោយជំងឺកូវីដ-១៩ ដែលទទួលគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា គឹតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដែលមានបណ្ណក្រីក្រ មានចំនួន ១៨១គ្រួសារ បណ្ណក្រីក្រ២ មានចំនួន ២៦៣គ្រួសារ៕