(ត្បូងឃ្មុំ)៖ អគារ និងសមិទ្ធផលផ្សេងៗរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានតម្លៃជិត១.៥លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំកសាងបាននូវសមិទ្ធផល និងបំពេញការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងស្ថានភាពដែលខេត្តមួយនេះ ទើបតែបង្កើតថ្មី ពិសេសការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ត្រូវបន្តខិតខំថែរក្សាសុខសន្តិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ពិសេសការទប់ស្កាត់មិនឲ្យជំងឺនេះ ឆ្លងជាលក្ខណៈសហគមន៍។ សម្ដេចបានកោតសរសើរចំពោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានដោះស្រាយបញ្ចប់បញ្ហាជំលោះដីធ្លីដ៏រ៉ាំរ៉ៃ ក្នុងស្រុកតំបែរ ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ បានយ៉ាងល្អផងដែរ។
បើតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទីតាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានសាងសង់លើផ្ទៃដី ទំហំ៦៥,០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំ ជាអតីតដីចំការម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយប្រើរយៈពេលសាងសង់សរុប២០ខែ ទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារចនាសម្ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា សមិទ្ធផលសម្ពោធនៅថ្ងៃនេះ រួមមាន អគារបំពេញការងារ តាមផែនជំនាញចំនួន៧អគារ, សាលប្រជុំ១អគារ, អគារស្នាក់នៅសម្រាប់កងអន្តរាគមន៍ពិសេស និងកម្លាំងពន្លត់អគ្គីភ័យ២អគារ, អាហារដ្ឋានចំនួន២, ជម្រកស្នាក់នៅបណ្ដោះអាសន្ន សម្រាប់កងកម្លាំង, អគារឃាត់ខ្លួនបណ្ដោះអាសន្ន, រោងរថយន្ត៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន របងបេតុងព័ទ្ធជុំវិញប្រវែងជាង១ពាន់ម៉ែត្រ ក្លោងទ្វារចំនួន៣ ផ្លូវ និងទីធ្លាចាក់បេតុង ប្រព័ន្ធទឹកភ្លើងក្រោមដី អណ្ដូងទឹក ស្លាកអនុសាសន៍ថ្នាក់ដឹកនាំកំពូល ស្លាកអំពីប្រវត្តិស្ថាបនិក និងសប្បរសជន ព្រមទាំងសួនច្បារលម្អរ សរុបថវិកាចំណាយអស់១,៣៨៤,១៦៨ដុល្លារអាមេរិក៕