(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានទទួលជួបជាមួយក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ ដឹកនាំលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនិងជំងឺអេដស៍ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅខេត្តស្ទឹងត្រែង។
លោក ឈឹម ឃិនដារ៉េត បានកោតសរសើរចំពោះការដឹកនាំរបស់អភិបាលខេត្តស្ទឹងត្រែង នាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមគ្នានេះ លោកបានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលមានការសហការល្អ និងការជួយជ្រោមជ្រែងការងារប្រយុទ្ធនឹងជំងឺអេដស៍ របស់ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រហូតទទួលបានជោគជ័យ ជាទីមោទនៈនាពេលកន្លងមក។
លោកបានបន្តថា កន្លងមកក្រុមការងារអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលខេត្តក្នុងការចូលរួមបង្ការ និងការពារការចម្លងមេរោគអេដស៍នឹងជំងឺអេដស៍ ពិសេស បានសហការ ជាមួយអាជ្ញាធរតាមមូលដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង ក្នុងការផ្សព្វផ្សាយអប់រំ យល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យយល់ដឹងវិធីសាស្ត្រទប់ស្កាត់ និង បង្ការការពារការចម្លងមេរោគអេដស៍មួយនេះ។
ក្នុងកិច្ចជួបពិភាក្សានេះផងដែរ លោក ម៉ុម សារឿន បានកោតសរសើរដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ បាននឹងកំពុងខិតខំបំពេញការងារទាក់ទងនឹងជំងឺអេដស៍នេះ បើទោះជា មានពេលខ្លះជួបប្រទះនូវស្ថានភាពដ៏លំបាកក្នុងការអនុវត្តការងារយ៉ាងណាក៏ដោយ។
ជាចុងក្រោយ លោក ម៉ុម សារឿន ក៏បានលើកទឹកចិត្តឲ្យ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឲ្យបន្តសហការពេញការងារអប់រំផ្សព្វផ្សាយអំពីវិធានការ ការពារការឆ្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ៕