(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang សហការក្នុងការសម្រួលដល់អ្នកការទូត មន្ដ្រីអង្គការអន្ដរជាតិ និងធុរជនអូស្ដ្រាលី ដែលនឹងចូលមកកម្ពុជា ត្រូវអនុវត្ដន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល។
ជាពិសេសវិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមអនុវត្ដពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ព្រមជាមួយនឹងសេចក្ដីជូនដំណឹង ស្ដីពី ការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់កម្ពុជា ដែលបានចេញកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ពីជំនួបពិភាក្សាការងាររវាង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាមួយឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ដែលប្រព្រឹត្ដទៅទីស្ដីការក្រសួង។
កិច្ចជំនួបពិភាក្សានេះ ក៏បានលើកយកនូវគោលបំណងសំខាន់ៗរួមមាន៖
* ទី១៖ ពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសអូស្ត្រាលី ក្នុងការឆ្លើយតបនឹងជំងឺកូវីដ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។
* ទី២៖ ពិភាក្សាអំពីការចូលរួមចំណែករបស់អូស្ត្រាលី ក្នុងការរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងគុណភាពសេវា សុខាភិបាល ប្រកបដោយសមធម៌ (Health Equity and Quality Improvement Project= H-EQIP)ជំហានទី២។
* ទី៣៖ ពិភាក្សាអំពីការត្រៀមអនុវត្តវិធានការសុខាភិបាលសម្រាប់មន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ ទិដ្ឋាការការទូត A និងទិដ្ឋាការផ្លូវការ B។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រវិស័យសុខាភិបាល ចាប់តាំងពីក្រោយការបោះឆ្នោតសាកលឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នកំពុងជួយគម្រោង H-EQIP ជំហានទី១ និងបន្តចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍផ្សេងទៀត ដើម្បីរៀបចំជំហានទី២ ដោយត្រូវឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាអាទិភាពរបស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀត រដ្ឋមន្ត្រីសុខាភិបាល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រចំពោះការឆ្លើយតបនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ តាមរយៈអង្គការ Population Services International (PSI) ចំនួន២លានដុល្លារអូស្ត្រាលី និងមូលនិធិ Mérieux ចំនួន ៤,៤លានដុល្លារអូស្ត្រាលី។
រដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការលើវិស័យសុខាភិបាលដល់កម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ១៤៥លានដុល្លារអូស្ត្រាលី ក្នុងក្របខណ្ឌទ្វេភាគី ហើយនិងបន្តផ្តល់ចំនួន២៨.៩លានដុល្លារអូស្ត្រាលី បន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២១ ដែលសរុបស្មើនឹង ១៧៣.៩លានដុល្លារអូស្ត្រាលីលើគម្រោងជាច្រើន។
រដ្ឋមន្ដ្រី សុខាភិបាល ក៏បានសម្ដែងនូវការគាំទ្ររដ្ឋាភិបាលអូស្ដ្រាលី ចំពោះគំនិតផ្ដួចផ្ដើមបង្កើតនូវ Cambodia COVID-19 Development Response Plan 2020-2021 &2021-2022 ដែលជាផែនការអភិវឌ្ឍសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលផ្ដោតលើសុខភាព ស្ថេរភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ហើយវិស័យសុខាភិបាលក៏ជាអាទិភាពមួយ នៃផែនការយុទ្ធសាស្ដ្រនេះដែរ។
ជាមួយគ្នានេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនអូស្ដ្រាលី ក្នុងស្មារតីសាមគ្គីភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ រវាងប្រទេសទាំងពីរ ជាពិសេស នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕