(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃព្រសហ្បតិ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ដោយមានការចូលរួមរបស់អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ព្រមទាំងការចូលរួមតាម Video Conference សម្រាប់សាខាពន្ធដារខេត្ត។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោក គង់ វិបុល បានបង្ហាញថាក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៨៦.២៤ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិក) ស្មើនឹង ៦.៨១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥,៧១ប៊ីលានរៀល (ប្រមាណជា ១៦.២២លានដុល្លារអាមេរិក) ស្មើនឹង ៧.៧១%។
លោកបញ្ជាក់ថា សរុបរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៦០៥.៤៦ ប៊ីលានរៀល (ប្រមាណជា ១ ៨៧៧.៨៩លានដុល្លារអាមេរិក) ស្មើនឹង ៦៥.៨៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៦៧០.១១ ប៊ីលានរៀល (ប្រមាណជា ១៦៥.៤៦ លានដុល្លារអាមេរិក) ស្មើនឹង ៩.៦០%។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ ០២ នៅរក្សាកំណើនក្នុងនោះ អាករលើតម្លៃបន្ថែមកើនឡើង ៣.១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង ២២.៧១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។
សម្រាប់ឆ្នាំ២០២០ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥.៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
*បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិបទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារ អនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីធានាការផ្ដល់សេវាឱ្យបានល្អប្រសើរនិងការគ្រប់ គ្រង ចំណូលពន្ធមានប្រសិទ្ធភាពខ្ពស់
*បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវការសម្រេចរបស់រាជរដ្ឋាភិបាលជុំទី ៥ ស្ដីអំពីវិធានការបន្ថែមសម្រួលផ្នែកពន្ធដារ ជួយវិស័យអាកាសចរណ៍និងទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងបដិការណ៍នៃការវិបត្តិ និងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩
*បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស និងអនុវត្តការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ព្រមទាំងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ
*ពង្រឹងប្រសិទ្ធិភាពការធ្វើការសវនកម្ម ដោយពន្លឿនរយៈពេលនៃការធ្វើសវនកម្ម និងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រមូលទិន្នន័យពីគ្រប់ប្រភពនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងអនុលោមភាព សារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)
*បន្តពង្រឹងប្រសិទ្ធភាពនៃត្រួតពិនិត្យការតាមដានឯកសារ និងផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធឬសាធារណជនមានភាពងាយស្រួលក្នុងការតាមដានពីវឌ្ឍនភាពនៃឯកសាររបស់ខ្លួន ដែលបានដាក់មកកាន់អគ្គនាយកដ្ឋានពន្ធដារដោយប្រើប្រាស់នូវកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Checking and Tracking App)
*ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពលដោយកំណត់ជាបំណុលអាទិភាព
*បន្តនិងខិតខំពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឱ្យប្រសើរឡើងនូវវប្បធម៌ពន្ធដារ ក្នុងនោះមានការ រៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយផ្សព្វផ្សាយនិងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live), សេវាឆ្លើយតប តាមប្រពន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
*បន្តផ្សព្វផ្សាយនិងអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២០
*បន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់ក្នុងសារាចរណែនាំស្តីពីការអនុវត្ត ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣។
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។
ជាមួយគ្នានេះលោក គង់ វិបុល ក្រើនរម្លឹកនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្កាទប់ស្កាត់ចំពោះជម្ងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19
៕