(ភ្នំពេញ)៖ ក្នុងអំឡុងពេលនៃការឈប់សម្រាកសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវដល់ព្រះសង្ឃគ្រប់វត្តអារាម និងពុទ្ធបរិស័ទទូទាំងប្រទេសឱ្យចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សម្រាប់ពេលឈប់សម្រាករយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ នេះបើតាមព្រះរាជសាររបស់គណៈសង្ឃនាយក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

តាមរយៈព្រះរាជសារអំពាវនាវរបស់សម្តេចសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានព្រះអង្គមានបន្ទូលថា ដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចំនួនអនុវត្តតាមវិធី ៣ចំណុច រួមមាន៖

ទី១៖ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តការស្វែងយល់ពីមេរោគកូវីដ-១៩នេះ តាមរយៈការមើល ការស្តាប់ និងសិក្សានូវសម្ភារអប់រំ ដែលផលិតដោយស្ថាប័នសុខាភិបាលជាតិ-អន្តរជាតិ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO។

ទី២៖ ត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ ត្រូវជូតសម្អាតដៃនឹងទឹកអាល់កុល ឬសាប៊ូសម្លាប់មេរោគ ត្រូវជៀសវាងការខាកស្តោះពាសវាលពាសកាល ត្រូវប្រកាន់យកនូវអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ។

និងទី៣៖ ប្រសិនបើជួបអ្នកមានអាការៈដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឬឈឺបំពង់ក ត្រូវជួយបញ្ជូនទៅជួបពេទ្យ ដើម្បីទទួលការពិនិត្យ និងព្យាបាលជាបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈសង្ឃនាយក៖