(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលនូវសារជាភាសាអង់គ្លេស ដែលផ្សព្វផ្សាយនូវព័ត៌មានមិនពិត តៗគ្នាដែលនិយាយពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦ដងរកឃើញកូវីដ១៩លើពលរដ្ឋ៥នាក់ ហើយពលរដ្ឋទាំងនោះបានប៉ះពាល់ជាមួយ អ្នកស្រុកប្រមាណ២ពាន់នាក់ផ្សេងទៀត ដែលអាចនឹងឆ្លងជំងឺនេះដល់សហគមន៍។
ចំពោះព័ត៌មានជាភាសាអង់គ្លេស ដែលផ្សព្វផ្សាយតៗគ្នាថា «Alert, from head of pasture , they caught 5 locals tested positive after 6 tests during 20 days...those 5 were in touch with another 2000 locals !! Now the authorities trying to gather those for quarantine. Looks like community spread may occur! Be careful wherever you go during next week break» នេះត្រូវបានលោកស្រី វណ្ណឌីន អះអាងថា មិនពិតឡើយ និងអំពាវនាវកុំពលរដ្ឋជឿលើព័ត៌មាននេះ ហើយត្រូវជឿលើព័ត៌មានផ្លូវការ ដែលចេញដោយក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សារភាសាអង់គ្លេសនេះ គឺជាការបំភ័ន្តប្រឌិតព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនបានមានប្រសាសន៍បែបនេះឡើយ។ នេះជាការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងសុខាភិបាលសុំច្រោនចោលទាំងស្រុង និងសូមឲ្យសមត្ថកិច្ចចាត់វិធានការលើអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ»។
លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះមិនមានស្ថានភាពដូចការលើកឡើងក្នុងអត្ថបទជាភាសាអង់គ្លេសនេះទេ ហើយក្រសួងសុខាភិបាលកំពុងធ្វើការងារប្រកបដោយការយកចិត្តទុកដាក់បំផុត និងតែងតែធ្វើបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ រៀងរាល់ពេលដែលមានការរកឃើញនូវករណីថ្មី ឬក៏ករណីជាសះស្បើយជាប់ជាប្រចាំ។
លោកស្រី វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿនូវការប្រឌិតព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ និងសូមចូលរួមក្នុងការលុបបំបាត់នូវព័ត៌មានក្លែងក្លាយ ដោយក្រសួងសូមឲ្យសមត្ថកិច្ចចាត់វិធានការផងដែរ ចំពោះអ្នកប្រឌិតព័ត៌មានក្លែងក្លាយនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុប២៧២នាក់ (ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់) ក្នុងនោះ អ្នកព្យាបាលជាមានចំនួនសរុប ២២៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៧នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៩នាក់៕