(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញវីដេអូដ៏កម្រមួយពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌា នាឆ្នាំ១៩៨១។
សម្តេចតេជោ បានបញ្ជាក់ថា វីដេអូដែលទំនងថតដោយអ្នកព័ត៌មានឥណ្ឌានេះ ជារូបភាពទស្សនកិច្ចផ្លូវការរបស់សម្តេចទៅឥណ្ឌានាខែសីហា ឆ្នាំ១៩៨១ ដែដែលពេលនោះសម្តេចមានអាយុ ២៩ឆ្នាំ ហើយកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស។
សម្តេចតេជោ បានបញ្ជាក់ថា រូបភាពនេះ គឺសម្តេចចូលជួបពិភាក្សាការងារជាមួយលោកស្រី ឥន្ត្រា គន្ធី ដែលជានាយករដ្ឋមន្ត្រីឥណ្ឌានាពេលនោះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានវីដេអូអតីតកាលរបស់សម្តេចចំនួនពីរត្រូវបានគេចែកចាយ ទី១ គឺវីដេអូពេលបំពេញទស្សនកិច្ចនៅសហភាពសូវៀត និងទី២ គឺវីដេអូបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។
តាមរយៈវីដេអូ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏កម្សត់មួយរបស់កម្ពុជាកាលពីអតីតកាល ដែលគណៈប្រតិភូកម្ពុជាជាឥស្សរជនចេញពីសរភូមិដឹកនាំ ដោយសម្តេចតេជោនាពេលនោះ មានសភាពរូបរាងកាយស្គមស្គាំង និងអាវធំ សុទ្ធតែធំជាងខ្លួន។
ទោះជាយ៉ាងណាលើសមរភូមិការទូតដ៏លំបាកនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខការទូតក្មេងខ្ចីជាងគេលើពិភពលោកនាពេលនោះ បានប្រឹងប្រែងស្វះស្វែងគ្រប់លទ្ធភាព ដើម្បីពង្រីកសម្ព័ន្ធភាពជាមួយបណ្តាប្រទេសជាមិត្តជួយទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍ និងការរស់រៀនជាថ្មីរបស់ប្រជាពលរដ្ឋកម្ពុជាចេញពីភ្លើងសង្គ្រាម ដ៏សែនវេទនានោះ៕