(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្ដីពី «គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥» ត្រូវបានរាជរដ្ឋាភិភបាលអនុម័តទាំងស្រុងហើយ ដោយមានការកែសម្រួលលើពាក្យពេចន៍មួយចំនួន។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ។
បើតាមលោក ផៃ ស៊ីផាន បានឱ្យដឹងថា «គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥» នេះ បង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយប្រកបដោយនិរន្តរភាព សម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក ផៃ ស៊ីផាន បានឱ្យដឹងដែរថា ដើម្បីសម្រេចនូវគោលបំណងនេះ «គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥» បានកំណត់គោលដៅចំនួន៣រួមមាន៖
* ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម និងការអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលខ្ពស់ ការប្រើប្រាស់ដីប្រកបដោយចីរភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
* គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកែច្នៃផលិតផលដំឡូងមី ដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យដំឡូងមី។
* ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់ និងសម្របសម្រួលជាមួយអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា តាមរយៈគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥នេះ កម្ពុជារំពឹងថា នឹងធ្វើឱ្យផលិតផលដំឡូងមីកម្ពុជា ក្លាយជាដំណាំយុទ្ធសាស្រ្តមួយ ដែលផ្តល់ប្រាក់ចំណូលច្រើនដល់កសិករ និងជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មកែច្នៃនៅកម្ពុជា។ បន្ថែមពីលើនោះ កម្ពុជាពិតជាអាចបោះជំហានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយយកផលិតផលដំឡូងមី ជួយជំរុញកំណើន និងចែករំលែកផលប្រយោជន៍នៃកំណើននេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា ការដាំដុះដំឡូងមី ក្នុងទសវត្សចុងក្រោយនេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានធ្វើឱ្យដំណាំដំឡូងមី ក្លាយជាដំណាំសំខាន់ទីពីរបន្ទាប់ពីស្រូវនៅកម្ពុជា។ ដំឡូងមី មានចំណែកចន្លោះពី ៣ ទៅ៤ភាគរយនៃផលិតផលសរុបក្នុងស្រុក។ ក្នុងមួយឆ្នាំៗ ថវិកាប្រហែល ៣០០លានដុល្លារអាម៉េរិក ត្រូវបានវិនិយោគ ដើម្បីដាំដំឡូងមីលើផ្ទៃដីទំហំធំជាង ៦០០,០០០ហិកតា។ ខណៈការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់និងចំណិតដំឡូងមីក្រៀមមានតម្លៃប្រហែល ៧២៨លានដុលារអាម៉េរិក។
របាយការណ៍បន្តថា ប្រជាជននៅជនបទច្រើនជាង ៩០,០០០គ្រួសាររស់នៅក្នុងខេត្តចំនួន១៣ កំពុងប្រកបរបរដាំដុះដំឡូងមីនិងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗ ដូចជា ដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។ កន្លែងប្រមូលទិញផលិតផលដំឡូងមីមានចំនួន ៥៥០កន្លែង ភាគច្រើនស្ថិតក្នុងខេត្តចំនួនប្រាំដូចជា ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ៕
របាយការណ៍បានគូសបញ្ជាក់ដែរថា ប្រទេសចិន ជាអ្នកបញ្ជាទិញធំជាងគេនៅក្នុងពិភពលោក ហើយប្រទេសថៃ និងវៀតណាមជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតសម្រាប់ទីផ្សារអន្តរជាតិ ខណៈពេលដែលកម្ពុជាដើរតួនាទីជាអ្នកដាំដុះដំឡូងមី។
របាយការណ៍បានធ្វើការសន្និដ្ឋានថា ប្រទេសជិតខាងកម្ពុជា មិនអាចពង្រឹកផ្ទៃដីដាំដុះដំឡូងមីរបស់ខ្លួនបានដោយសារផ្ទៃដីដាំដុះដំណាំកសិកម្មរបស់ពួកគេត្រូវបានកំណត់ និងបែងចែកច្បាស់លាស់។
របាយការណ៍បានលើកឡើងទៀតថា ទីផ្សារដំឡូងមីនៅអាស៊ីបានបង្កើតខែ្សច្រវាក់តម្លៃតំបន់មួយដែលប្រទេសកម្ពុជាជាអ្នកដាំដុះ ប្រមូលផល និងកែច្នៃបឋម ខណៈពេលដែលប្រទេសជិតខាងដែលគ្រប់គ្រងទីផ្សារ និងមានឧត្តមភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មដើរតួនាទីជាអ្នកកែច្នៃ នាំចេញ និងចរចាតម្លៃ។
ដំឡូងមី គឺជាដាំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាអាហារដ៏សំខាន់មួយរបស់ប្រជាជនឥណ្ឌូនេស៊ី ឥណ្ឌា អាហ្វ្រិក និងអាម៉េរិកឡាទីនមួយចំនួនធំ។
ការនាំចេញដោយផ្ទាល់ពីកម្ពុជា ទៅប្រទេសចិន មានទំហំតូចដែលមានតម្លៃត្រឹមតែ ១៥.៥លានដុល្លារម៉េរិក ឬ ៨១,៤៩៧តោនសម្រាប់ចំណិតដំឡូងមីក្រៀម និង ១០.៥លានដុល្លារអាម៉េរិក ឬ៣០ ៩៣៧តោនសម្រាប់ម្សៅមីនៅឆ្នាំ២០១៦។ រហូតមកទល់ពេលនេះ បរិមាណនៃការនាំចេញដោយផ្ទាល់ពីកម្ពុជា មិនទាន់មានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ៕