(កោះកុង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យចុះស្រាវជ្រាវករណីផ្ទុះអាវុធខ្លី ដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុងម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្រុងខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «កាលពីម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវករណីផ្ទុះអាវុធខ្លី ដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុងឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរស័ក្តិ វរសេនីយ៍ត្រី (ស័ក្តិ៤) មុខងារអនុប្រធានមន្ទីរសម្ភារបច្ចេកទេស។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី, កាលពីម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ផ្លូវជាតិ៤៨ ក្បែរលោកយាយម៉ៅ) មានករណីទំនាស់រហូតដល់ផ្ទុះអាវុធខ្លីចំនួន១គ្រាប់។
លោកបានបន្តថា «ខ្ញុំបាទសូមជម្រាបជូនថា បច្ចុប្បន្នឈ្មោះ មាស ដារ៉ាសាផុន កំពុងត្រូវបានស្តាប់ចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង»។ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានអុនវត្តច្បាប់ និងទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះ នាយអាវុធហត្ថណាដែលប្រព្រឹត្តល្មើសច្បាប់ និងល្មើសវិន័យ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អេង ហ៊ី៕