(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញដល់រដ្ឋធានហាណូយ ប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចការងារនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភារកម្ពុជា បានអញ្ជើញចូលជួបសវនាការជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម។
ក្នុងជំនួបនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់លោក ឡេ ខាភៀវ ដែលជាការបាត់បង់គួរឱ្យស្តាយនូវថ្នាក់ដឹកនាំដ៏សំខាន់មួយរូបរបស់បក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ដែលមានគុណូបការៈដ៏ធំធេងចំពោះប្រទេសជាតិ។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងប្រជាជនកម្ពុជា រួមនិងខ្លួនសម្តេចផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយលោកស្រីប្រធានរដ្ឋសភា និងប្រជាជនវៀតណាម ព្រមទំាងគ្រួសារនៃសព។
សម្តេចប្រធានរដ្ឋសភា សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធសពលោក ឡេ ខាភៀវ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកស្រី ង្វៀន ធី គឹមងិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម និងបានឆ្លៀតឱកាសចូលគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ខាភៀវ។
លោកស្រីប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ខាភៀវ ជាផ្លូវការ រដ្ឋាភិបាលរៀបចំនៅបីទីតាំងផ្សេងគ្នា គឺនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងស្រុកកំណើត របស់លោក ឡេ ខាភៀវ ផ្ទាល់ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកស្រី ង្វៀន ធី គឹមងិន បានសម្តែងនូវការអបអរសាទរចំពោះចំណងមិត្តភាពសាមគ្គីភាពនៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់។
សម្តេចប្រធានរដ្ឋសភា បានសាទរដែលវៀតណាម បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន តាមរយៈវីដេអូ ប្រកបដោយជោគជ័យ បើទោះបីសកលលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។
ជាមួយគ្នានេះ សម្តេចមានសង្ឃឹមមុតមាំថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ ដោយរៀបចំតាមរយៈវីដេអូ នាដើមខែកញ្ញាក្រោយនេះ ក៏នឹងទទួលបានជោគជ័យបន្តទៀត។ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីរួមសហការគាំទ្រឲ្យដល់មហាសន្និបាតនោះ ឱ្យទទួលបានជោគជ័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជាថ្មី ចំពោះវៀតណាម ដែលបានផ្តល់ជំនួយ ២៥លានដុល្លារអាមេរិក សម្រាប់កសាងអាគាររដ្ឋបាលរដ្ឋសភា។ សម្តេចបានលើកឡើងថា រហូតមកដល់ពេលនេះ ក្រុមមន្រ្តីជំនាញ នៃប្រទេសទំាងពីរ កំពុងធ្វើការទៅតាមនីតិវិធី ទោះបីមានភាពស្មុគស្មាញបន្តិច តែ គណៈកម្មការសាងសង់ បានដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់រួចហើយ នឹងឈានទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ដែលត្រូវប្រើប្រាស់ថវិកានោះ ដោយតម្លាភាព ជាទីបំផុត។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងរបត់ថ្មី នៃការរាតត្បាត ជំងឺកូវីដ១៩ ធ្វើឲ្យបញ្ហាតំបន់ និងពិភពលោកមានការប្រែប្រួល។ កូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លំាងលើវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងសុខមាលភាព ជាពិសេសវាបានសម្លាប់អាយុជីវិតប្រជាជនយ៉ាងច្រើននៅជុំវិញពិភពលោក។ ការប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ គឺជាបញ្ហារួមរបស់ពិភពលោក។ កន្លងមកកម្ពុជានិងវៀតណាម បានសហការគ្នាយ៉ាងជិតស្និតឆ្លើយតបការប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ផងដែរ។
នៅរសៀលថ្ងៃដដែលនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស៕